បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ តាមសេចក្តី រាយការណ៍ បានជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្របពេលការបែកបាក់គ្នា រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែរីកធំខ្លាំងឡើង ជុំវិញបញ្ហាប្រទេស អ៊ុយក្រែន ។
កិច្ចពិភាក្សាគ្នា របស់លោក Antony Blinken ជាមួយលោក Sergey Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រៅជំនួបកំពូល នៃអង្គការសន្តិសុខ និង សហប្រតិបត្តិការ នៅអឺរ៉ុប ហៅកាត់ថា OSCE ក្នុងទីក្រុង Stockholm ជាទីដែលលោករដ្ឋមន្ត្រីការ បរទេស មកពីប្រទេសចំនួន ៥៧ ពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ ក្នុងតំបន់ចម្បងៗ ។
កិច្ចប្រជុំលំដាប់ ខ្ពស់ រវាងរុស្ស៊ីនិង សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានភាពតានតឹង ជាច្រើនសប្ដាហ៍ ជាមួយទីក្រុងកៀវ និងសម្ពន្ធមិត្តលោកខាងលិច ដែលបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ីដ៏ធំ នៅជិតព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបដិសេធថា មិនបានរៀបផែនការ ឈ្លានពាន និងចោទប្រទេសអ៊ុយក្រែន ពីបទកងពូនកងកម្លាំងខ្លួន នៅភាគខាងកើតប្រទេស ជាទី ដែលកងកម្លាំង រដ្ឋាភិបាល បានប្រយុទ្ធគ្នា ជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី ចាប់តាំងពីដើមឆ្នាំ២០១៤ ក្រោយទីក្រុងមូស្គូ យកតំបន់គ្រីមាពី អ៊ុយក្រែន ដាក់ចូលជា ឧបសម្ព័ន្ធរបស់ខ្លួនមក ៕
ប្រែសម្រួល៖ប៉ាង កុង