ក្នុងឱកាសដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃវេទិកាចិន-សហគមន៍ អាមេរិក ឡាទីន និង ការាបៀនលើកទី ៣ជិតនឹងបើក បណ្តាញទូរទស្សន៍ អន្តរជាតិចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានផ្តួចផ្តើមគំនិត និងរួមសហការ ជាមួយប្រព័ន្ធ សារព័ត៌មានសំខាន់ៗ ចំនួនជាង៣០ ក្នុងតំបន់អាមេរិកឡាទីន ដើម្បីចេញផ្សាយគំនិតផ្តួចផ្តើម «ប្រតិបត្តិប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន» នៅថ្ងៃទី ២ ខែធ្នូ ។ ប្រព័ន្ធសារព័ត៌មានរបស់ចិន និងអាមេរិកឡាទីន នឹងរួមសហការគ្នា ដើម្បីធ្វើឱ្យ ស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំង និងបង្កើន គំនិតឯកភាពរួម រវាងប្រព័ន្ធសារព័ត៌មាន តាមទម្រង់ ដូចជាបើកធ្វើ វេទិកា តាមអនឡាញ ថតវីដេអូ រៀបចំពិព័រណ៍ភាពយន្ត និង ផលិតកម្មវិធីសន្ទនាគ្នា រវាងយុវជនជាដើម ។
ថ្លែងក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ក្នុងសុន្ទរកថា ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូល មគ្គុទេ្ទសក៍នៃប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន ឆ្នាំ ២០១៦ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ការផ្លាស់ប្តូរ រវាងប្រព័ន្ធសារព័ត៌មាន គឺជាចំណែកដ៏សំខាន់ នៃទំនាក់ទំនង រវាងប្រទេសចិន និង អាមេរិកឡាទីន ប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន នឹងទទួលបានសមិទ្ធផលយ៉ាង ច្រើនក្នុងការបន្តវេន និងអភិវឌ្ឍចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ ។
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងរួមសហការយ៉ាងមុតមាំ ជាមួយប្រព័ន្ធសារព័ត៌មាន អាមេរិក ឡាទីន ដើម្បីធ្វើការ អភិវឌ្ឍរួម និងរក្សាការ ប្រាស្រ័យទាក់ទងគ្នា យ៉ាងទូលំទូលាយ ប្រកាន់ខ្ជាប់គុណតម្លៃ ព័ត៌មាន ដែលប្រកបដោយភាព យុត្តិធម៌និងសត្យានុម័ត ពង្រីកវិស័យផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងន័យរួមចំណែកក្នុងការជំរុញការ អភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកឡាទីនថែមមួយកម្រិតទៀត ៕