ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបង្ហាញ សំណើកិច្ចព្រមព្រៀង សន្តិសុខ ក្នុងគោលបំណង រារាំងអង្គការណាតូ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូ នឹងដាក់ចេញសំណើ មួយឆាប់ៗនេះ សម្រាប់កិច្ចព្រមព្រៀង សន្តិសុខ អឺរ៉ុបថ្មី ដែល លោកនិយាយថា លោកសង្ឃឹមថា នឹងបញ្ឈប់អង្គការ សម្ពន្ធមិត្តយោធា ណាតូ មិនឲ្យពង្រីកចូល មកភាគខាងកើត ថែមទៀត ។
តាមសេចក្តីរាយការណ៍ លោក Sergei Lavrov បានថ្លែងនៅក្នុងជំនួបកំពូលមួយរបស់អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប ហៅកាត់ថា OSCE ក្នុងទីក្រុង Stockholm នៅមុនកិច្ចពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលគេរំពឹងថា នឹងផ្តោតលើភាពតានតឹងជុំវិញ អ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក អង្គការណាតូ និងមន្ត្រីនៃប្រទេស អ៊ុយក្រែន បានបង្ហាញម្តងហើយម្តងទៀត នូវការភ័យខ្លាច ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមធ្វើការ វាយប្រហារថ្មីមួយ ក្នុងពេលឆាប់ៗនេះ ហើយការនិយាយបែបនេះ គឺត្រូវបានទីក្រុងមូស្គូធ្វើការបដិសេធ ច្រានចោល ។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការត្អូញត្អែតវ៉ា ចំពោះជំនួយយោធាលោកខាងលិច ឲ្យទៅប្រទេសអ៊ុយក្រែន និងអ្វីដែលលោកហៅថា ជាការពង្រីករបស់អង្គការ ណាតូ មកកាន់តែជិតព្រំដែន របស់ប្រទេសរុស្ស៊ី ហើយលោកក៏បានព្រមានអង្គការណាតូ មិនឲ្យដាក់ប្រព័ន្ធការពារមីស៊ីល នៅក្នុងប្រទេស អ៊ុយក្រែន ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top