ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ មិនទទួលស្គាល់មន្រ្តីទូត មកពីប្រទេស មីយ៉ាន់ម៉ា និង អាហ្វហ្គានីស្ថានរបស់ពួកតាលីបង់

បរទេស៖ អង្គការសហប្រជាជាតិ បានសម្រេចចិត្ត មិនទទួលស្គាល់នោះឡើយ ចំពោះមន្រ្តីទូតដែលដាក់ចេញ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទាំងពីរ បានអះអាងថាឯកអគ្គរដ្ឋទូត បច្ចុប្បន្នរបស់ពួកគេ មិនតំណាងឱ្យពួកគេនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការទទួលស្គាល់ អត្តសញ្ញាណជាតិចំនួនប្រាំបួន នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ ក្នុងការអនុម័តតំណាងការទូត នៃរដ្ឋសមាជិកនីមួយៗ បានបើកកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំ របស់ពួកតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ា ក្នុងការបញ្ជូនបេសកជនថ្មី ទៅកាន់អង្គការនេះ។

លោកស្រី Anna Karin Enestrom ឯកអគ្គរដ្ឋទូតស៊ុយអែត និងជាប្រធានគណៈកម្មាធិការ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “គណៈកម្មាធិការបានសម្រេចចិត្ត ពន្យារពេលការសម្រេចចិត្ត របស់ខ្លួននៃលិខិតសម្គាល់ នៅក្នុងស្ថានភាពទាំងពីរនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top