ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ រុស្ស៊ីអាចនឹងធ្វើការ វាយលុកទ្រង់ទ្រាយធំ នៅខែមករា

បរទេស៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានថា ប្រទេសរុស្ស៊ីអាចនឹង ចាប់ផ្តើមធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយ លើប្រទេសអ៊ុយក្រែន នៅចុងខែមករា ស្របពេលដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំងឡើង ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែននៃទីក្រុងកៀវ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BARRON’S នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត របស់ខ្លួន អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទរៀបផែនការឈ្លានពាន ប្រទេសអ៊ុយក្រែន និងប្រមូលផ្តុំកងទ័ព នៅតាមព្រំដែននៃទីក្រុងកៀវ។

រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអ៊ុយក្រែន លោក Oleksiy Reznikov បានព្រមានដូច្នេះថា “ពេលវេលាដ៏ទំនងបំផុត ដែលឈានដល់ការត្រៀមលក្ខណៈរួចរាល់ សម្រាប់ការបង្កើនភាពតានតឹងខ្លាំង គឺនៅចុងខែមករា” ហើយលោកបន្ថែមថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន កំពុងតែធ្វើការវិភាគលើគ្រប់សេណារីយ៉ូទាំងអស់។

លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអ៊ុយក្រែនរូបនេះ ក៏បានធ្វើការប៉ាន់ស្មានថា ប្រទេសរុស្ស៊ីមានកងទ័ពប្រមាណ១០០.០០០នាក់ ឈរជើងនៅជិតព្រំដែនអ៊ុយក្រែន នៅក្នុងតំបន់គ្រីមា និងនៅក្នុងតំបន់ដែលពួកបះបោរ គ្រប់គ្រង ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត៕

ប្រែសម្រួល៖ប៉ាង កុង

To Top