ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន បដិសេធព័ត៌មានផ្តល់លុយ ដល់ចលនាប្រឆាំង រាជានិយម ព្រោះលោកជាអ្នកស្មោះស្ម័គ្រនឹងរាជានិយម

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ចលនាប្រឆាំងរាជានិយមនៅក្នុងប្រទេសថៃ ដោយពណ៌នា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលមានឥទ្ធិពល ថាជាព័ត៌មានក្លែងក្លាយ និងសង្កត់ធ្ងន់ថា លោកជាអ្នកស្មោះត្រង់នឹងរាជានិយម។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីនបានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសុក្រថា «ឥឡូវនេះមាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា គណបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ ទំនងជានឹងត្រូវរំលាយ ហើយថា ខ្ញុំកំពុងគាំទ្រផ្នែកហរិញ្ញវត្ថុទៅឱ្យចលនាប្រឆាំងរាជានិយម»។

លោកបន្តថា «ពាក្យចចាមអារ៉ាមក៏មានដែរថា លុយកំពុងហូរចូលប្រទេសថៃពីបរទេសដើម្បីគាំទ្រដល់ចលនាទាំងនេះ ដោយបានចង្អុលការចោទប្រកាន់មកខ្ញុំ។ នោះជារឿងមិនពិតទាំងស្រុង។ ខ្ញុំមិនបានផ្ទេរប្រាក់ដើម្បីផ្តល់មូលនិធិដល់នរណាម្នាក់ពីចលនាបែបនេះទេ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើដូច្នេះ? ការរស់នៅពេលរស់នៅក្រៅប្រទេស គឺពិបាកគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ»។

អតីតនាយករដ្ឋមន្រ្ដីរូបនេះ បានទទូចថា ក្រៅពីភាពស្មោះត្រង់ទាំងស្រុងចំពោះ ស្ថាប័នព្រះមហាក្សត្រ លោកដឹងគុណចំពោះ ប្រទេសជាតិ ដោយសារលោកបានបញ្ចប់ ការសិក្សាពីសាលា ត្រៀមបណ្ឌិតសភា កងកម្លាំងប្រដាប់អាវុធ និងសាលារាជបណ្ឌិត្យសភានគរបាល និងបានទទួលអាហារូបករណ៍ ពីការិយាល័យ គណៈកម្មការសេវាស៊ីវិល ដើម្បីផ្តល់មូលនិធិ ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក ថាក់ស៊ីន បានធ្វើឡើង បន្ទាប់ពីមានចំណាត់ការ របស់សមាជិកគណបក្ស Palang Pracharath លោក Ruangkrai Leekitwattana កាលពីថ្ងៃពុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top