ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អនុញ្ញាតឱ្យក្លឹបរាត្រី ឌីស្កូបន្តបើកដំណើរការប៉ុន្តែ ហាមរាំរែក

បរទេស៖ ការរាំរែក នឹងមិនត្រូវអនុញ្ញាតឱ្យមានទៀតទេនៅក្នុងក្លឹបរាត្រីក្នុងរដ្ឋធានី ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយនេះតទៅ ខណៈដែលអាជ្ញាធរទីក្រុងរឹតបន្តឹងជុំវិញការកើនឡើងករណីវីរុសកូវីដ19។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំពិសេសរបស់ព្រឹទ្ធសភានៃក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប និងឌីស្កូថេក នឹងនៅតែបើក ទោះបីជាភាគច្រើនដោយសារតែបច្ចេកទេសច្បាប់ ដែលរហូតមកដល់ពេលនេះ រារាំងមិនឱ្យអំណាចច្បាប់បិទទីតាំងបែបនេះទាំងស្រុងក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់ និងសហព័ន្ធអាល្លឺម៉ង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងពេលអនាគតដ៏ខ្លី ក្លឹបនឹងត្រូវបញ្ឈប់ប្រតិបត្តិការនៅពេលដែលអត្រាឆ្លងរយៈពេល ៧ថ្ងៃលើសពី 350នាក់ ក្នុងចំណោមអ្នកស្រុក 100,000នាក់ នៅក្នុងតំបន់ដែលបានផ្តល់ឱ្យ។ បច្ចុប្បន្នទីក្រុងប៊ែកឡាំងឈរនៅតួលេខអ្នកឆ្លងប្រហែល 360នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

ភោជនីយដ្ឋាន និងហាងស្រា ក៏ត្រូវបានអនុញ្ញាតឱ្យបើកទ្វារដដែលផងដែរសម្រាប់ពេលនេះ ទោះបីជាគោលការណ៍ណែនាំថ្មីស្តីពីការរក្សាគម្លាតត្រូវបានដាក់ឱ្យដំណើរការ ដោយអំពាវនាវឱ្យកាត់បន្ថយតុ ក្នុងចំណោមវិធានការផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top