បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងតែធ្វើការងារលើការបើកបេសកកម្មការទូតរួមគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងអាចឲ្យឯកអគ្គរដ្ឋទូតនានាវិលត្រឡប់ទៅកាន់ប្រទេសនោះវិញ។
បណ្ដាប្រទេសលោកខាងលិច កំពុងតែរិះរកវិធីចូលរួមជាមួយពួកតាលីបង់ ក្រោយពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងលឿននៅក្នុងខែសីហា ស្របពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។
មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតាថា “យើងកំពុងតែគិតអំពីការៀបចំមួយរវាងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលនឹងអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់យើង មានវត្តមាន”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអឺរ៉ុបនិងប្រទេសដទៃទៀត មានការស្ទាក់ស្ទើររារែកចិត្តក្នុងការទទួលស្គាល់ជាផ្លូវការ នូវពួកតាលីបង់ ដោយចោទប្រកាន់ក្រុមនេះពីបទបំពានការសន្យាឲ្យអ្នកនយោបាយនិងជនជាតិភាគតិចចូលរួម និងការសន្យារក្សាសិទ្ធិស្ត្រីនិងជនជាតិភាគតិច៕
ប្រែសម្រួល៖ប៉ាង កុង