បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងពេលថ្មីៗនេះថា ទង្វើណាមួយធ្វើឡើងដោយប្រទេសចិន ដើម្បីឈ្លានពានតៃវ៉ាន់ នឹងមានផលដ៏អាក្រក់ ហើយលោកបានបន្ថែមទៀតថា លោកសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងគិតគូរយ៉ាងប្រុងប្រយ័ត្ន ស្តីពីការមិនបង្កឲ្យមានវិបត្តិនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ថ្លែងប្រាប់សន្និសីទកាសែត Reuters Next លោក Antony Blinken បានមានប្រសាសន៍ថា ប្រទេសចិនបាននិងកំពុងតែព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន ហើយលោកថា សហរដ្ឋអាមេរិកប្តេជ្ញាយ៉ាងមុតមាំដើម្បីធានាថា កោះតៃវ៉ាន់មានមធ្យោបាយដើម្បីការពារខ្លួនឯង។
លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “ប៉ុន្តែនៅទីនេះជាថ្មី ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំចិនគិតគូរយ៉ាងប្រុងប្រយ័ត្នស្តីពីបញ្ហានេះ និងស្តីពីការមិនបង្កឲ្យមានវិបត្តិ ដែលខ្ញុំគិតថា នឹងមានផលដ៏អាក្រក់សម្រាប់មនុស្សជាច្រើន និងដោយគ្មានអ្នកណាម្នាក់ទទួលបានផលប្រយោជន៍ ចាប់ផ្តើមដោយប្រទេសចិន”។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងតែព្យាយាមបង្កើតឱកាសកាន់តែច្រើនសម្រាប់តៃវ៉ាន់ នៅក្នុងប្រព័ន្ធអន្តរជាតិ ស្របពេលអ្វីដែលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះនិយាយថា ជាកិច្ចប្រឹងប្រែងយោធានិងការទូតរបស់ទីក្រុងប៉េកាំង ធ្វើឲ្យតៃវ៉ាន់ឯកោ៕
ប្រែសម្រួល៖ប៉ាង កុង