ព័ត៌មានអន្តរជាតិ

ឥណ្ឌា បញ្ជាក់ថា ខ្លួនរកឃើញអ្នកទី៣ ដែលបានឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីទី៣របស់ខ្លួន នៃវីរុសកូវីដ-១៩ ប្រភេទ Omicron។

ករណីនេះត្រូវបានរកឃើញនៅក្នុងស្រុក Jamnagar នៃរដ្ឋ Gujarat ភាគខាងលិចប្រទេស ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលដកស្រង់ពីនាយកដ្ឋានសុខភាពរបស់រដ្ឋ Gujarat បានលើកឡើងថា “បុរសម្នាក់ដែលបានត្រឡប់មកពីហ្ស៊ីមបាវ៉េ ត្រូវបានរកឃើញថា បានឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងស្រុក Jamnagar នៃរដ្ឋ Gujarat” ។ “នេះគឺជាករណី Omicron ទី៣នៅក្នុងប្រទេសឥណ្ឌា” ។

របាយការណ៍បានឲ្យដឹងថា សំណាករបស់អ្នកស្រុក Jamnagar អាយុ៧២ឆ្នាំត្រូវបានបញ្ជូនសម្រាប់ប្រភេទហ្សែនបង្ករោគបន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩កាលពីថ្ងៃព្រហស្បតិ៍ ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ករណីកូវីដ-១៩ចំនួន២ករណីនៃវីរុស Omicron ត្រូវបានរកឃើញនៅ Karnataka ។ ម្នាក់ត្រូវបានគេនិយាយថា ជាវេជ្ជបណ្ឌិតអាយុ៤៦ឆ្នាំដែលបានចាក់វ៉ាក់សាំងគ្រប់កម្រិតមកពី Bengaluru ដែលមិនមានប្រវត្តិធ្វើដំណើរ ហើយម្នាក់ទៀតជាជនជាតិអាហ្វ្រិកខាងត្បូងអាយុ៦៦ឆ្នាំដែលបានមកប្រទេសឥណ្ឌា ជាមួយនឹងរបាយការណ៍អវិជ្ជមាននៃកូវីដ-១៩ ។

ក្រុមមន្ត្រីបានលើកឡើងថា មនុស្សចំនួន៧នាក់ ដែលបានទាក់ទងជាមួយអ្នកទាំង២ក៏ត្រូវបានរក្សានៅក្រោមការសង្កេតផងដែរ ហើយសំណាករបស់ពួកគេត្រូវបានបញ្ជូនសម្រាប់ស្វែងហ្សែនបង្ករោគ ។

ប្រទេសឥណ្ឌា បានបង្កើនការសាកល្បង និងការឃ្លាំមើលអ្នកដំណើរអន្តរជាតិដែលចូលមកទាំងអស់រួចហើយ ជាពិសេសពីប្រទេសដែលមានហានិភ័យខ្ពស់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top