បរទេស៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់ និងប្រហែល ១០០នាក់ទៀត បានរងរបួស បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះនៅលើកោះ Java ប្រទេសឥណ្ឌូនេស៊ី។ ការផ្ទុះនេះបានកើតឡើង ក្នុងពេលមានព្យុះភ្លៀងបានឃើញ ភក់ហូរកាត់ផ្លូវ និងបំផ្លាញផ្ទះសម្បែងប្រជាជនទៀតផង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ពីការ ស្លាប់របស់មនុស្សចំនួន ១៣នាក់ ដែលជាលទ្ធផលនៃការផ្ទុះភ្នំភ្លើង Semeru ដែលបានចាប់ផ្តើម បញ្ចេញផេះកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យផ្ទៃមេឃងងឹត ទាំងស្រុងនៅចំណុចមួយ។
ការផ្ទុះនេះបានកើតឡើងស្របពេល ដែលមានភ្លៀងធ្លាក់ខ្លាំង ហើយឃើញផេះភ្នំភ្លើង បានប្រែក្លាយទៅជាភក់ក្រាស់ និងបំផ្លាញស្ពានសំខាន់មួយ និងផ្ទះនៅតាមដងផ្លូវ។ ស្ពាន Gladak Perak ដែលជាកន្លែងសម្គាល់ ក្នុងតំបន់តភ្ជាប់ភូមិចំនួនពីរ ត្រូវបានគេរាយការណ៍ថា ត្រូវបានបំផ្លាញទាំងស្រុង ដោយសារភក់ហូរកាត់។
ភូមិ Sumberwuluh ដែលមានទីតាំងនៅជិតភ្នំភ្លើង បានរងការវាយប្រហារខ្លាំងបំផុត។ វីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញពីផ្ទះដែលរសាត់បាត់ ទៅជាគំនរបាក់បែក។ អ្នកភូមិភាគច្រើនត្រូវបានជម្លៀស ទៅកាន់ទីជម្រកបណ្ដោះអាសន្ន។ សរុបមក មនុស្សជាង ៩០០ នាក់ត្រូវបានផ្លាស់ចេញពីតំបន់នោះ ៕
ប្រែសម្រួលៈ ណៃ តុលា