Covid-19

អង់គ្លេស មានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron កើនឡើងលើស ៥០ភាគរយ ធៀបក្នុង១ថ្ងៃ

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងមេរោគ Omicron ចំនួន៨៦ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ នៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២៤៦ករណី ។

នេះធៀបនឹងចំនួនសរុបចំនួន ១៦០នាក់ កាលពីថ្ងៃសៅរ៍ ដែលកើនឡើងជាង ៥០ភាគរយ នេះបើយោងតាមទីភ្នាក់ងារ សន្តិសុខសុខភាពចក្រភពអង់គ្លេស ហៅកាត់(UKHSA) បានបញ្ជាក់ដូច្នេះ ។

ចក្រភពអង់គ្លេស បានចុះបញ្ជីការឆ្លងកូវីដ-១៩ថ្មីចំនួន ៤៣.៩៩២នាក់ ដែលនាំឱ្យចំនួនករណីឆ្លងមេរោគ សរុបនៅក្នុងប្រទេសដល់ ១០.៤៦៤.៣៨៩នាក់ នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ។

ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩ បន្ថែមទៀតចំនួន ៥៤នាក់។ ចំនួនសរុបនៃការស្លាប់ទាក់ទង នឹងមេរោគឆ្លងនៅ ក្នុងចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៤៥.៦០៥នាក់ ។ តួលេខទាំងនេះរួមបញ្ចូលតែ ការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ថ្ងៃ នៃការធ្វើតេស្ដវិជ្ជមានលើកដំបូង របស់ពួកគេផងដែរ ។

ទិន្នន័យចុងក្រោយបំផុត បានកើតឡើងនៅពេលដែល រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បានលើកឡើងថា រាល់ការមកដល់របស់អន្តរជាតិ ទៅកាន់ចក្រភពអង់គ្លេស រួមទាំងកុមារដែល មានអាយុលើសពី ១២ឆ្នាំ នឹងត្រូវធ្វើតេស្តមុនពេល ចេញដំណើរចាប់ពីម៉ោង ៤និង០០នាទី ម៉ោងសកល សម្រាប់ថ្ងៃអង្គារ ។

លោកបានឲ្យដឹងទៀតថា ពួកគេត្រូវតែទទួលបានអតិបរមា ៤៨ម៉ោង មុនពេលចេញដំណើរ ។

លើសពីនេះទៅទៀត គិតចាប់ពីម៉ោង ៤និង០០នាទី ម៉ោងសកលនៅថ្ងៃចន្ទ ទី៦ ខែធ្នូនេះ ប្រទេស នីហ្សេរីយ៉ា នឹងស្ថិតក្នុងបញ្ជីក្រហម នៃការធ្វើដំណើរ ។ បូករួមជាមួយប្រទេសអាហ្វ្រិកខាងត្បូង មួយចំនួនដែលត្រូវបាន ដាក់កំហិតលើការធ្វើដំណើរ បន្ទាប់ពីវីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញដំបូង កាលពីចុងខែមុននេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top