ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ “រថភ្លើង​ល្បឿនលឿន​របស់ចិន”​ ជំរុញ​ការអភិវឌ្ឍរួម​​​

វេលាម៉ោង​១៦និង៤៤នាទី​ កាលពី​ថ្ងៃទី៣ ខែធ្នូ​ តាមម៉ោង​ក្រុងប៉េកាំង​ មេដឹកនាំ​កំពូលរបស់​ប្រទេសចិន និង​ឡាវ បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ ផ្លូវដែកចិនឡាវ​ជាផ្លូវការ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ ​ក៏ដូច​ប្រសាសន៍របស់​លោក​ប្រធានរដ្ឋចិន Xi ​Jinping ​ដែលបាន​លើកឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធវីដេអូ​ជាមួយ​លោក​ Thongloun ​Sisoulith ​ប្រធានរដ្ឋឡាវ​នៅ​ថ្ងៃដដែលថា ​សុបិនរបស់​ឡាវដែលចង់​ក្លាយជា ​“ប្រទេស​តភ្ជាប់នឹង​ដីគោក”​ ជិតក្លាយជា​ការពិតហើយ។

គម្រោង​ផ្លូវដែកចិន​-ឡាវគឺជា​អំណោយដ៏​ថ្លៃថ្លា នៃ​គំនិតផ្តួចផ្តើម​ “ខ្សែក្រវ៉ាត់​និងផ្លូវ”​ដែល​ប្រគល់ជូន​ប្រជាជនឡាវ ​។ នៅពេល​មុននេះ ​ក្នុងដែន​ប្រទេសឡាវ​មានតែផ្លូវដែក​ប្រវែង ៣.៥​គីឡូម៉ែត្រ​ដែលតភ្ជាប់ ​ជាមួយ​ប្រទេសថៃ​ប៉ុណ្ណោះ ​។ ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវដែកចិន​-ឡាវនេះ​ដែលបាន​កសាង​អស់រយៈពេល ​៥ឆ្នាំ​ និងមាន​ប្រវែងសរុប​ ១០៣៥​គីឡួម៉ែត្រ ​នឹង​កាត់បន្ថយ​រយៈពេល​ធ្វើដំណើរពី​ក្រុងវៀងចន្ទន៍ ​រដ្ឋធានីប្រទេស​ឡាវ ទៅដល់​ព្រំដែនចិន​និងឡាវ​ ពីរយៈពេលពីរថ្ងៃ​មកនៅ​ត្រឹម ៣ម៉ោង​តែប៉ុណ្ណោះ ​ពោលគឺ​អាចចេញពី​ ប្រទេសឡាវ​នៅពេលព្រឹក ​ទៅដល់​ក្រុងគុនមីង​(Kunming ) ​ប្រទេសចិន​នៅពេលល្ងាច ​។ ​ប្រទេស​ឡាវក៏បាន​ឈានចូល ​យុគសម័យ​រទេះភ្លើង​ល្បឿនលឿន​តែម្តង ។

ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវដែកចិន-ឡាវនេះ​ គឺបង្កប់អត្ថន័យ​យ៉ាងសំខាន់​ ចំពោះ​ការកែលម្អ​ជីវភាពរស់​នៅរបស់​ប្រជាជន​ ក្នុងតំបន់​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងតំបន់ ។ ​វានឹងក្លាយជា​ផ្លូវដែកមួយ​ដែលអាច​បង្កើត ឱកាស​អភិវឌ្ឍន៍គ្មាន​ដែនកំណត់ ។ ​ក្រៅពីផ្តល់​ភាពងាយស្រួល​ដល់ប្រជាជន​ក្នុងការធ្វើដំណើរ ​ផ្លូវដែកនេះ​ក៏នឹងជំរុញ​ ការអភិវឌ្ឍ​ធនធាន ​និងកិច្ចកសាង​នគរូបនីយកម្ម​ផ្នែកទេសចរណ៍​ កសិកម្មនិង​ធារាសាស្ត្រ​ជាដើមផងដែរ ​ដើម្បីជំរុញ​ការអភិវឌ្ឍនៃ​តំបន់សេដ្ឋកិច្ច​ដូចជាតំបន់​អភិវឌ្ឍចម្រុះ ​Saysettha ​ក្រុងវៀងចន្ទន៍​និងតំបន់​ កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ​Mohan-Borten ​រវាងចិននិង​ឡាវជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនាម​ជាផ្លូវដែក​ដ៏សំខាន់ នៃ​ផ្លូវដែក​កាត់ទ្វីបអាស៊ី ​ផ្លូវដែកចិន-ឡាវ​ក៏នឹង​ក្លាយជា ​“កូនសោមាស”​សម្រាប់ឱ្យ​ប្រទេសឡាវ​តភ្ជាប់ ​ជាមួយ​ប្រទេសចិន​ពីភាគខាងជើង​ និងតភ្ជាប់​ជាមួយ​ប្រទេស​អាស៊ាន​ដូចជា​ថៃ និងម៉ាឡេស៊ី​ជាដើម​ពីភាគខាងត្បូង​ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​នៃ តំបន់​ពាណិជ្ជកម្ម​សេរីចិន-អាស៊ាន​ និង​មហាអនុតំបន់​ទន្លេមេគង្គ ​។ ​យក​ចរាចរណ៍​ទំនិញជា​ឧទាហរណ៍ ​បន្ទាប់ពីដាក់ឱ្យ​ប្រើប្រាស់​ផ្លូវដែក​ចិន-ឡាវ ​ចំណាយ​ថ្លៃដើមនៃ​ចរាចរណ៍​ទំនិញពី​ក្រុងវៀងចន្ទន៍ ​ដល់ក្រុងគុនមិង​ នឹង​កាត់បន្ថយ​ពី ៤០ដល់​៥០ភាគរយ ។

នៅពេល​អនាគត “​រថភ្លើងល្បឿន​លឿនរបស់ចិន” នឹង​ជួយ​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​ឱ្យទៅទស្សនា​ពិភពលោក​ខាងក្រៅ ​ហើយនឹង​មានរឿងរ៉ាវ​អំពី ការតភ្ជាប់​ដួងចិត្ត​របស់ប្រជាជន​ និងផ្តល់​ផលប្រយោជន៍​ឈ្នះ-ឈ្នះ​ កាន់តែច្រើន​កើតឡើង​នៅតាម​បណ្តោយ​ “ខ្សែក្រវាត់​និងផ្លូវ”​ផងដែរ ។ ​អ្វីទាំងអស់នេះ​សុទ្ធតែបាន​ មកពីគោលបំណង​ដើមដែល​ភាគីចិន រួម​ចំណែកផ្ដល់នូវ​ផលិតផល​សាធារណៈ​សកលនេះ ​ពោលគឺ ​ជំរុញ​ការអភិវឌ្ឍ​ជាមួយគ្នា​ ដើម្បីធ្វើឱ្យ​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​មានជីវភាព​រស់នៅ កាន់តែ​ល្អប្រសើរ ៕

To Top
×