ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី លោក Win Myint ត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ៤ឆ្នាំ

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលយោធាបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទញុះញង់ឱ្យមានការតវ៉ា និងបំពានច្បាប់ប្រឆាំងវីរុស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលយោធា គឺលោក Zaw Min Tun បានថ្លែងថា «លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំតាមមាត្រា ៥០៥ (ខ) និងដាក់ពន្ធនាគារ ២ឆ្នាំទៀត ក្រោមច្បាប់គ្រោះធម្មជាតិ»។

លោកបានបន្ថែមថា អតីតប្រធានាធិបតីគឺលោក Win Myint ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំក្រោមការចោទប្រកាន់ដូចគ្នា។ មន្ត្រីរូបនេះបានសន្និដ្ឋានដោយមិនបញ្ជាក់លម្អិតថា «ពួកគេនឹងប្រឈមនឹងការចោទប្រកាន់ផ្សេងទៀតពីកន្លែងដែលពួកគេស្នាក់នៅឥឡូវនេះ»។

សវនាការរបស់តុលាការមួយក្នុងចំនោមករណីពុករលួយ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី១០ ខែធ្នូ ដែលលោកស្រី អ៊ុងសាន ស៊ូជី ក៏អាចនឹងត្រូវចោទប្រកាន់ជាផ្លូវការពីបទពុករលួយថ្មី ពាក់ព័ន្ធនឹងការទិញឧទ្ធម្ភាគចក្រសង្គ្រោះ AW-139 ដែលផលិតនៅអ៊ីតាលីក្នុងខែតុលា ឆ្នាំ២០១៩៕ប្រែសម្រួលៈ ណៃ តុលា

To Top