ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រារព្ធទិវាកងទ័ពជាមួយឧបករណ៍យោធាអាមេរិក និងប្តេជ្ញាប្រយុទ្ធតទល់នឹងរុស្ស៊ី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។


ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy បានមានប្រសាសន៍យ៉ាងដូច្នេះថា “បុគ្គលិកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បន្តបំពេញបេសកកម្មដ៏សំខាន់បំផុតរបស់ខ្លួន ដើម្បីការពារសេរីភាពនិងអធិបតេយ្យភាពរបស់ប្រទេស ពីជនឈ្លានពានរុស្ស៊ី”។

ផ្ទាំងពាណិជ្ជកម្ម


គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតព្រំដែនខ្លួន ក្នុងការត្រៀមរៀបចំសម្រាប់ប្រតិបត្តិការវាយលុយទ្រង់ទ្រាយធំយោធាអាចមានណាមួយ បង្កឲ្យមានការរំពឹងថា អាចមានសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងគ្នាទាំងពីរ៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×