ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ សំណើអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែ ជារឿងមិនអាច ទទួលយកបាន

បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាល្លឺម៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា សំណើធ្វើឡើងដោយអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺជារឿងមិនអាចទទួលយកបាន និងបានបន្ថែមថា ទីក្រុងប៊ែកឡាំង នៅតែចង់អនុវត្តតាមផ្លូវការទូត លើបញ្ហា ប៉ុន្តែពេលវេលាកំពុងតែអស់។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Devdiscourse នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “យើងពិចារណា លើសំណើនោះយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ហើយបានធ្វើការសន្និដ្ឋានថា ប្រទេសអ៊ីរ៉ង់បានបំពាន លើការសម្របសម្រួលស្ទើរតែទាំងអស់ ដែលបានបង្កើតឡើងពីមុន នៅក្នុងកិច្ចចរចាគ្នា យ៉ាងលំបាកជាច្រើនខែ”។

លោកស្រីបានបន្តទៀតថា សំណើនោះ គឺមិនមែនជាមូលដ្ឋាន សម្រាប់បញ្ចប់កិច្ចពិភាក្សាគ្នា ដោយជោគជ័យនោះទេ និងថា “យើងរំពឹងថា គណៈប្រតិភូអ៊ីរ៉ង់ ក្រោយធ្វើកិច្ចប្រឹក្សាគ្នា នៅក្នុងទីក្រុងតេអេរ៉ង់នោះ នឹងវិលត្រឡប់មកកាន់ ទីក្រុងវីយែនវិញ ជាមួយសំណើសមហេតុផល”៕ ប្រែសម្រួល៖ប៉ាង កុង

To Top