ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនអ្នកលបបាញ់ និងរថក្រោះទៅ ដើម្បីព្យាយាម បង្ករឿងដល់អ៊ុយក្រែន នៅតំបន់ Donbass

បរទេស៖ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបញ្ជូនរថក្រោះនិងក្រុមលបបាញ់បន្ថែមទៀត ទៅកាន់ទីជម្លោះជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យទាហានអ៊ុយក្រែនរបួស និងព្យាយាមឲ្យមានការបាញ់តបតវិញ។

ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍នេះ នៅប៉ុន្មានម៉ោងមុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមវីដេអូខល ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័៏ពនៅជិតព្រំដែនរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា “សត្រូវបានបង្កើនចំនួនអ្នកលបបាញ់ ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងការបង្ករបួសដល់បុគ្គលិកកងកម្លាំងចម្រុះ បំផ្លាញ់ឧបករណ៍យកការណ៍វីដេអូ និងបង្កឲ្យមានការបាញ់តបតវិញ”។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន៕ប្រែសម្រួល៖ប៉ាង កុង

To Top