ព័ត៌មានអន្តរជាតិ

អាមេរិកនិងតៃវ៉ាន់ ពិភាក្សាគ្នាអំពីបន្ទះឈីប ដើម្បីធ្វើសហប្រតិបត្តិការ ក្រោមទម្រង់ការងារថ្មី

បរទេស៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោកស្រី Gina Raimondo តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាពីសង្វាក់ផ្គត់ផ្គង់បន្ទះឈីប នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រី សេដ្ឋកិច្ចតៃវ៉ាន់ ហើយប្រទេសទាំងពីរ នឹងសហការគ្នាលើជំនួញ និងការវិនិយោគបច្ចេកវិទ្យា តាមរយៈយន្តការទើបបង្កើតថ្មី។

សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ជាក់ដដែលៗដល់តៃវ៉ាន់ ដែលជាអ្នកផលិតបន្ទះឈីបដ៏ធំមួយ ក្នុងពិភពលោកនោះ ឲ្យធ្វើការផលិតបន្ថែម ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតបន្ទះឈីបសកល ដែលធ្វើឲ្យប៉ះពាល់ ដល់ខ្សែផលិតកម្មរថយន្តមួយចំនួន និងធ្វើឲ្យប៉ះពាល់ដល់ទំនិញប្រើប្រាស់។

លោកស្រី Gina Raimondo នៅក្នុងកិច្ចសន្ទនាគ្នា កាលពីថ្ងៃចន្ទ ជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Wang Mei-hua បានបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ និងសារៈសំខាន់ នៃចំណងមិត្តភាពពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាមេរិក-តៃវ៉ាន់។

សេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយយ៉ាងដូច្នេះថា “លោកស្រីក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍ របស់អាមេរិក បន្តធ្វើការងាររួមគ្នា ជាមួយតៃវ៉ាន់ ស្តីពីបញ្ហាព្រួយបារម្ភ ពាណិជ្ជកម្មរួម ជាពិសេសក្នុងរឿង សង្វាក់ផ្គត់ផ្គង់បន្ទះឈីប និងប្រព័ន្ធបរិស្ថានពាក់ព័ន្ធនានា”៕

ប្រែសម្រួល៖ប៉ាង កុង

To Top