ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក៖ ចង់សាងសង់ស្ថានីយ៍ កងទ័ពជើងទឹក នៅលើមហាសមុទ្រ អាត្លង់ទិក អាចមានផែនការ វាយលុកទីក្រុងវ៉ាស៊ីនតោន

បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ បាននិយាយថា ទីក្រុងប៉េកាំង មានបំណងសាងសង់ប៉ុស្តិ៍កងទ័ពជើងទឹក ដំបូងគេ មិនធ្លាប់មានរបស់ខ្លួន នៅលើមហាសមុទ្រ អាត្លង់ទិក ដែលនឹងអនុញ្ញាតឱ្យចិន ដាក់ទីតាំងនាវាចម្បាំង របស់ខ្លួន ទល់មុខឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែតអាមេរិកឈ្មោះ Wall Street Journal (WSJ) បានផ្សាយដោយស្រង់សម្តី របស់មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ ដែលដឹងអំពីរបាយការណ៍ ស៊ើបការណ៍សម្ងាត់ថា ទីក្រុងប៉េកាំងចង់បង្កើតមូលដ្ឋានយោធា នៅប្រទេស ហ្គីណេអេក្វាទ័រ ជាប្រទេសអាហ្វ្រិកខាងលិច ដែលមានទំហំ 28,000 គីឡូម៉ែត្រការ៉េ (1,0810 ម៉ាយការ៉េ) និងមានប្រជាជនចំនួន 1,4 លាននាក់។

របាយការណ៍បាននិយាយថា ប្រទេសចិនទំនងជាកំពុងពិចារណា សាងសង់មូលដ្ឋាន នៅទីក្រុង Bata ដែលជាទីក្រុងដែលមានកំពង់ផែពាណិជ្ជកម្ម ទឹកជ្រៅ ដែលសាងសង់ ដោយចិនរួចហើយ។ Wall Street Journal បានបន្ថែមថា ស្ថានីយ៍កងទ័ពជើងទឹកមួយ នៅលើមហាសមុទ្រអាត្លង់ទិក អាចត្រូវបានប្រើដើម្បីបំពាក់បំប៉ន និងជួសជុលនាវាចម្បាំងរបស់ចិន ដែលពិតជាមានផែនការវាយលុកទីក្រុងវ៉ាស៊ីនតោន។

កាសែតនេះបានដកស្រង់សម្តី មន្ត្រីសេតវិមានជាន់ខ្ពស់ ដោយនិយាយថា សហរដ្ឋអាមេរិកបានព្រមានប្រទេស ហ្គីណេអេក្វាទ័រ កាលពីឆ្នាំមុនថា “ជំហានសក្តានុពលមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពរបស់ [ចិន] នៅទីនោះ នឹងធ្វើឱ្យមានការព្រួយបារម្ភ អំពីសន្តិសុខជាតិ” ។

ប្រទេសចិន និង ប្រទេស ហ្គីណេអេក្វាទ័រ មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយសមភាគីហ្គីណេអេក្វាទ័រ លោក Simeon Oyono Esono Angue នៅទីក្រុង Dakar ប្រទេសសេណេហ្គាល់ កាលពីចុងខែមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top