ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រំពឹងថា នឹងមានជំហាន ជាក់ស្តែង ដោយលោកខាងលិច ក្នុងការចរចានុយក្លេអ៊ែរ

តេអេរ៉ង់ ៖ ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់បានចូលទៅក្នុងជុំថ្មី នៃកិច្ចចរចានៅទីក្រុង វីយែន ជាមួយនឹងសំណើ “មានប្រយោជន៍ និងស្ថាបនា ហើយរំពឹងថា ជំហានជាក់ស្តែងពីបណ្ដា ប្រទេសលោកខាងលិច នៅក្នុងរឿងនេះ” ។

លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់ នៅក្នុងរដ្ឋធានីមូស្គូ របស់រុស្ស៊ីថា នៅក្នុងជុំថ្មីនៃកិច្ចចរចា ដែលបានបន្តនៅថ្ងៃទី២៩ ខែវិច្ឆិកា ការចរចាបានឈានចូល ដំណាក់កាលសំខាន់មួយ ហើយ “អ៊ីរ៉ង់បានធ្វើសំណើ ដ៏មានសារៈប្រយោជន៍ និងស្ថាបនា លើបញ្ហាពីរនៃការដកទណ្ឌកម្ម និងវិធានការនុយក្លេអ៊ែរ ដែលអាចជំរុញដំណើរ ការចរចាទៅមុខយ៉ាងជាក់លាក់” ។

ដោយពណ៌នាទំនាក់ទំនង រវាងអ៊ីរ៉ង់ និងរុស្ស៊ី មានភាពល្អប្រសើរក្នុងវិស័យផ្សេងៗ លោក Bagheri Kani បានកត់ សម្គាល់ថា “យើងមានការពិគ្រោះ យោបល់ ជាមួយរុស្ស៊ីលើបញ្ហាផ្សេងៗ ហើយយើងបានពិគ្រោះ ជាមួយមន្ត្រីរុស្ស៊ីរួចហើយ អំពីកិច្ចពិភាក្សានៅទីក្រុងវីយែន”។

ផ្ទាំងពាណិជ្ជកម្ម

អ្នកចរចាកំពូល របស់អ៊ីរ៉ង់ បានបន្ថែមថា ក៏មានអន្តរកម្មជាមួយភាគីផ្សេងទៀត នៅខាងក្រៅកិច្ចចរចា នៅទីក្រុងវីយែន ផងដែរ ក្នុងគោលបំណង ស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោក បាន សម្តែង នូវ ក្តី សង្ឃឹម ថា ក្នុងកិច្ចប្រជុំខាងមុខនេះ ការចរចានឹងបន្តលឿនជាងនេះ ។

លោកក៏បានបញ្ជាក់ផងដែរ នូវរបាយការណ៍មុននេះថា ភាគីពាក់ព័ន្ធនឹងជួបប្រជុំគ្នា នៅរដ្ឋធានីវីយែន នៃប្រទេសអូទ្រីស នៅថ្ងៃព្រហស្បតិ៍ ដើម្បីបន្តការពិភាក្សា របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅព្រឹកថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កាលបរិច្ឆេទនៃកិច្ចប្រជុំនាពេលខាងមុខត្រូវបានសម្រេចដោយលោក Bagheri Kani និងលោក Enrique Mora អគ្គលេខាធិការ រង និងជានាយកផ្នែកនយោបាយ នៃសេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប ក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ៕
ដោយ ឈូក បូរ៉ា

To Top
×