ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យជប៉ុន សញ្ជឹងគិតអំពីអំពើ ឃោរឃៅរបស់ ពួកហ្វាស៊ីស ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ ទៅលើអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ពួកហ្វាស៊ីសនិយម យោធានិយមជប៉ុន កាលពីអតីតកាល ហើយទទួលបានទំនុកចិត្ត ពីប្រជាជនជុំវិញពិភពលោក តាមរយៈសកម្មភាពជាក់ស្តែង។

អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើការ វាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កាលពី ៨០ឆ្នាំមុន ដែលបង្កឱ្យមានសង្រ្គាមប៉ាស៊ីហ្វិក។

លោក ចាវ បានលើកឡើងថា សង្រ្គាមនៃការឈ្លានពាន ដែលបានចាប់ផ្តើមដោយយោធានិយមជប៉ុន បានធ្វើឱ្យមានការឈឺចាប់ ដែលមិនអាចបំភ្លេចបានដល់ ប្រជាជននៃបណ្តាប្រទេស ដែលរងគ្រោះនៅអាស៊ី ហើយបានបន្សល់ទុកពួកគេ នូវការចងចាំដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន។

លោកបានបន្ដថា អស់ជាច្រើនទសវត្សរ៍មកហើយ សហគមន៍អន្តរជាតិបាន និងកំពុងឃ្លាំមើលថាតើប្រទេសជប៉ុន នឹងបង្ហាញពីការយល់ដឹងត្រឹមត្រូវ និងដោយស្មោះអំពីប្រវត្តិសាស្រ្តនោះ ឬយ៉ាងណា។

លោកបានបន្ថែមថា សព្វថ្ងៃនេះ ប្រទេសជប៉ុននៅតែជំពាក់ការពន្យល់ ច្បាស់លាស់ដល់ប្រទេសជិតខាង អាស៊ីរបស់ខ្លួន រួមទាំងប្រទេសចិនផងដែរ។ “ជាច្រើនទស្សវត្សរ៍កន្លងមកនេះ ប្រជាជនមួយចំនួន នៅក្នុងប្រទេសជប៉ុន នៅតែបដិសេធ ទាំងប្រវត្តិសាស្រ្តនៃការឈ្លានពាន និងការគ្រប់គ្រង អាណានិគមផងដែរ”។

លោកបានកត់សម្គាល់ថា ថ្មីៗនេះអ្នកនយោបាយជប៉ុនមួយចំនួន បានចេញទៅអះអាងថា “ការសង្គ្រោះបន្ទាន់ នៅតៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន”។ ថ្ងៃនេះ សមាជិកសភាជប៉ុន ជិតមួយរយនាក់បានទៅទស្សនកិច្ច ដ៏ល្បីមួយទៅកាន់ទីសក្ការបូជា Yasukuni ដែលផ្តល់កិត្តិយសដល់ ឧក្រិដ្ឋជនសង្គ្រាមថ្នាក់-A ដែលត្រូវបានកាត់ទោស ក្នុងសង្គ្រាមលោកលើកទី២ ៕

ដោយ ឈូក បូរ៉ា

To Top