ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ មេដឹកនាំអាមេរិក និងរុស្ស៊ី ព្រមព្រៀងគ្នា ធ្វើកិច្ចពិភាក្សាថែមទៀត ស្តីពីបញ្ហាអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញគោលជំហរផ្ទុកគ្នា ស្តីពីបញ្ហាប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាគ្នា តាមវីដេអូខល នាថ្ងៃអង្គារសប្ដាហ៍នេះ និងបានព្រមព្រៀងគ្នាថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើកិច្ចពិភាក្សាគ្នាទៀត ។

ក្រោយកិច្ចពិភាក្សាគ្នា រយៈពេល២ម៉ោង ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានមានប្រសាសន៍ប្រាប់ថា “វាពិបាកនឹងរំពឹងថា នឹងមានលទ្ធផលសំខាន់ណាមួយភ្លាមៗ ប៉ុន្តែលោកប្រធានាធិបតី បានបង្ហាញ នូវឆន្ទៈរៀងខ្លួនថា នឹង បន្តការងារដ៏សំខាន់ និងចាប់ផ្តើមពិភាក្សាគ្នា ពីបញ្ហារសើបនានា ដែលធ្វើឲ្យទីក្រុងមូស្គូ មានការព្រួយបារម្ភខ្លាំងក្លា” ។

តាមសេចក្តីរាយការណ៍ ក្រៅពីកិច្ចព្រមព្រៀងគ្នាប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា បន្ថែមនោះ មិនមានសញ្ញា នៃការបន្ថយគោលជំហរណាមួយ នៅក្នុងសំណេរ របស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចសន្ទនា ដែលធ្វើឡើង ក្រោយមានភាពតានតឹង ជាច្រើនសប្ដាហ៍ ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមព្រំដែនជាប់ អ៊ុយក្រែននោះទេ ។

សេចក្តីថ្លែងការណ៍វិមាន ក្រឹមឡាំងមួយបាននិយាយថា លោក ពូទីន បានលើកឡើងជាថ្មីពីការចោទប្រកាន់ របស់ទីក្រុងមូស្គូ ដែលថា ប្រទេសអ៊ុយក្រែន កំពុងតែមានឥរិយាបថបង្កហេតុ និង ប្រកាន់យកដំណើរបំផ្លិចបំផ្លាញ ដែលមានគោលដៅបំបាត់ចោល កិច្ចព្រមព្រៀង ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៥ ដែលបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមមួយ ជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី ៕ប្រែសម្រួល៖ប៉ាង កុង

To Top