បច្ចុប្បន្នភាព
សង្គ្រាមត្រជាក់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ ដោយភាគីទាំងពីរបានបោះសង្គ្រាមពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងលើសំណុំរឿង របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ។
កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្វ្ល៉ាឌីមៀរ ពូទីន តាមវីដេអូរយៈពេលជាង២ម៉ោង ដើម្បីបន្ធូរបន្ថយកម្តៅនៃភាពតានតឹង រវាងប្រទេសទាំងពីរ ។
ជំនួបរវាងលោក ចូ បៃដិន និងលោក វ៉្វ្លាឌីមៀរ ពូទីន ត្រូវបានធ្វើឡើងក្រោយពីប្រទេសមហាអំណាចទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទញុះញង់អោយមានភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធានៅប្រទេសអ៊ុយក្រែន ។
ប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូ ពីបទរុញច្រានអោយមានការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែនក្នុងប្រទេសអ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី ។
អង្គការណាតូ ដែលមានប្រទេសប្រមាណ២៧ប្រទេសជាសមាជិក មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម បានបញ្ជូនកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍កាន់តែច្រើនទៅកាន់ប្រទេសអ៊ុយក្រែន ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយថា សកម្មភាពដាក់ពង្រាយកងកម្លាំងយោធារបស់អង្គការណាតូនៅតាមព្រំដែនអ៊ុយក្រែន គឺជាការដាក់សម្ពាធខាងយោធាកាន់តែខ្លាំងលើប្រទេសរុស្ស៊ី ដែលមិនអាចទទួលយកបាន ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនត្រឹមតែដាក់ពង្រាយកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍នៅអ៊ុយក្រែនទេ អង្គការណាតូ ថែមទាំងធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ។
ចំណែកសហរដ្ឋអាមេរិក និងអង្គការណាតូ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទត្រៀមខ្លួនឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន តាមរយៈការដាក់ពង្រាយកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍យ៉ាងសម្បើមនៅអ៊ុយក្រែនខាងកើត ។
អង្គការណាតូ បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពប្រមាណជាង ១៧៥០០០នាក់ និងគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើននៅតំបន់ព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងគោលដៅត្រៀមខ្លួនឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែននៅពេលខាងមុខ ដែលអង្គការណាតូមិនអាចនៅស្ងៀមបាន ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយយាថា សកម្មភាពយោធារបស់ប្រទេសរុស្ស៊ីនៅតាមព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន គឺជាការត្រៀមខ្លួនក្នុងការវាយលុកចូលអ៊ុយក្រែនយ៉ាងពិតប្រាកដនៅពេលខាងមុខ ។
លោក Jake Sullivan បានបន្ថែមថា ប្រទេសរុស្ស៊ីធ្លាប់ធ្វើសកម្មភាពយោធាបែបនេះជាច្រើនលើកច្រើនសារួចមកហើយ ដែលកាលពីឆ្នាំ២០០៨កន្លងទៅ រុស្ស៊ីបានធ្វើសកម្មភាពយោធាបែបនេះ មុនពេលឈ្លានពានចូលក្នុងប្រទេសហ្សកហ្ស៊ីនៅជាប់ព្រំដែន ។
ហើយកាលពីឆ្នាំ២០១៤កន្លងទៅ រុស្ស៊ីក៏បានធ្វើសកម្មភាពយោធាបែបនេះដែរ មុនពេលចូលឈ្លាននៅតំបន់គ្រីមាប្រទេសអ៊ុយក្រែនភាគខាងកើត រហូតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គ្រីមា បានបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ។
រុស្ស៊ីមិនត្រឹមតែលេបត្របាក់យកតំបន់គ្រីមាទេ ប្រទេសនេះក៏បានជួយជ្រោមជ្រែងក្រុមឧទ្ទាមកម្មនៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលនាំអោយមានការវាយប្រហារគ្នាដោយអាវុធកើតឡើងជាញឹកញាប់នៅតំបន់ឧទ្ទាមនោះដែរ ។
ចាប់តាំងពីឆ្នាំ២០១៤រហូតដល់ពេលបច្ចុប្បន្ននេះ សង្គ្រាមរវាងកងទ័ពអ៊ុយក្រែនជាមួយក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី បានសម្លាប់មនុស្សអស់ប្រមាណជាង១៣០០០នាក់ហើយ និងសង្គ្រាមនេះមិនទាន់បញ្ចប់នៅឡើយ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយសង្គ្រាមត្រជាក់ឡើងកម្តៅសាជាថ្មីរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនៅប្រទេសអ៊ុយក្រែន គឺដោយសារការប្រឈមមុខដាក់គ្នារវាងកងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាមប្រដាប់អាវុធនៅអ៊ុយក្រែនភាគខាងកើត ។
ប្រទេសមហាអំណាចទាំងពីរ គឺរុស្ស៊ី និងអាមេរិក បានយកលេសជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ជាគោលដៅពង្រឹងឥទ្ធិពលយោជារបស់ខ្លួនក្នុងសង្គ្រាមត្រជាក់ ដោយរុស្ស៊ីបានពង្រីឥទ្ធិពលយោធាកាន់តែខ្លាំង និងអង្គការណាតូក៏ពង្រឹកឥទ្ធិពលយោធាកាន់តែខ្លាំងដែរ ។
រុស្ស៊ីមានបំណងដាក់សម្ពាធខាងយោធាលើប្រទេសអ៊ុយក្រែនដែលជាប្រទេសមាជិកមួយរបស់អង្គការណាតូ ដោយយកលេសពីការការពារសន្តិសុខនៅតំបន់គ្រីមា ដែលបានផ្តាច់ខ្លួនចេញពីអ៊ុយក្រែនមកជ្រកកោនជាមួយរុស្ស៊ី ។
ចំណែកសហរដ្ឋអាមេរិក និងអង្គការណាតូ ក៏យកលេសប្រហាក់ប្រហែលនឹងប្រទេសរុស្ស៊ីដែរ គឺសម្ព័ន្ធមិត្តនេះ បានបញ្ជូនកងកម្លាំងយោធារបស់ខ្លួនកាន់តែច្រើនទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ជួយអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី ។
អាមេរិក និងអង្គការណាតូ គំរាមរុស្ស៊ីកុំអោយប៉ះពាល់អ៊ុយក្រែនដែលជាប្រទេសសមាជិករបស់ខ្លួន ហើយបើរុស្ស៊ីហ៊ានឈ្លានពានចូលអ៊ុយក្រែន អាមេរិក និងអង្គការណាតូ នឹងវាយបកវិញដោយយោធាជាក់ជាមិនខាន ។
គិតត្រឹមថ្ងៃពុធ ទី៨ ខែធ្នូនេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត នៅតែឡើងកម្តៅខ្លាំង ដោយភាគីទាំងពីរ បានព្រមានគ្នាទៅវិញទៅមកដោយប្រើកម្លាំងយោធា ៕
ដោយ៖ អ៊ី ជិន