ព័ត៌មានអន្តរជាតិ

News Updated៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រនៅឥណ្ឌា ស្លាប់ទាំងអស់១៣នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ថា សេនាធិការការពារជាតិឥណ្ឌា (CDS) គឺលោកឧត្តមសេនីយ៍ Bipin Rawat និងមនុស្ស១២នាក់ផ្សេងទៀត រួមទាំងប្រពន្ធរបស់គាត់ ត្រូវបានបាត់បង់ជីវិត និងម្នាក់បានរងរបួស កាលពីថ្ងៃពុធ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រចំនួន១គ្រឿង នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
.
លោក Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមៗរបស់អគ្គសេនាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ Bipin Rawat ភរិយា និងបុគ្គលិកកងកម្លាំងប្រដាប់អាវុធ១១នាក់ផ្សេងទៀត ក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រដ៏អកុសលបំផុតនៅថ្ងៃនេះនៅរដ្ឋ Tamil Nadu ។

លោកបានមានថ្លែងថា “លោកឧត្តមសេនីយ Rawat បានបម្រើប្រទេសដោយភាពក្លាហាន និងឧស្សាហ៍ព្យាយាម ។ ក្នុងនាមជាអគ្គសេនាធិការទី១ គាត់បានរៀបចំផែនការសម្រាប់ការរួមគ្នានៃកងកម្លាំងប្រដាប់អាវុធរបស់យើង” ។

គេរកឃើញថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Coonoor នៃស្រុក Nilgiris ចម្ងាយប្រហែល៥៣៨គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃទីក្រុង Chennai រដ្ឋធានី Tamil Nadu ។

យោងតាមមន្ត្រី មានមនុស្ស១៤នាក់នៅលើយន្តហោះ អ្នកដំណើរ៩នាក់ និងសមាជិកនាវិក៥នាក់ រួមទាំងប្រពន្ធរបស់ លោក Rawat និងជំនួយការការពាររបស់គាត់ម្នាក់ផងដែរ ។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះនេះត្រូវបានគេរាយការណ៍ដំបូងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top