ព័ត៌មានអន្តរជាតិ

ក្មេងទី៤ បានស្លាប់ នៅក្នុងប្រទេស វៀតណាម បន្ទាប់ពីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer

បរទេស៖ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ នៅខេត្ត Son La បានក្លាយជាក្មេងទី៤ នៅក្នុងប្រទេសវៀតណាម ដែលបានស្លាប់បន្ទាប់ពីបាន ចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នាយករងផ្នែកសុខភាពរបស់ខេត្ត Son La លោក Nguyen Huu Hung បានប្រាប់ VnExpress កាលពីថ្ងៃពុធថា ក្មេងប្រុសនេះ ជាអ្នកស្រុក Thuan Chau បានចាក់វ៉ាក់សាំង លើកទីមួយ កាលពីថ្ងៃទី៤ ខែធ្នូ ហើយមិនបង្ហាញរោគសញ្ញា ខុសប្រក្រតីណាមួយឡើយ ក្នុងរយៈពេល ៦០នាទីបន្ទាប់ពីការចាក់។

ទោះជាយ៉ាងណាក៏ដោយ រយៈពេល២ថ្ងៃក្រោយមក ក្មេងប្រុសរូបនោះ មានអារម្មណ៍វិលមុខ និងចង់ក្អួត។ គាត់ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យស្រុក មុនពេលបញ្ជូនទៅមន្ទីរពេទ្យទូទៅ Son La ។ ក្មេងប្រុសរូបនេះ បានស្លាប់កាលពីថ្ងៃអង្គារ។

ក្មេងប្រុសនេះជាក្មេងទី៤ហើយ នៅប្រទេសវៀតណាម ដែលបានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង Covid-19។

សូមជម្រាបថា កាលពីខែមុន ក្មេងប្រុសអាយុ១២ ឆ្នាំ នៅខេត្ត Binh Phuoc , ក្មេងប្រុសអាយុ ១៦ឆ្នាំនៅខេត្ត Bac Giang និងក្មេងស្រីរៀនថ្នាក់ទី៩ម្នាក់ នៅទីក្រុងហាណូយ បានស្លាប់បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង Pfizer ។

ក្រសួងសុខាភិបាល បានប្រកាសថា មូលហេតុនៃការស្លាប់ទាំងបីនាក់នេះ គឺ “ប្រតិកម្មខ្លាំងពេកចំពោះវ៉ាក់សាំង” និងមិនពាក់ព័ន្ធនឹងគុណភាព នៃវ៉ាក់សាំង ឬដំណើរការចាក់វ៉ាក់សាំងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top