បរទេស៖ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សំបុត្រអត្តឃាតដែលបន្សល់ទុកដោយបុរសម្នាក់នៅប្រទេសអាល្លឺម៉ង់ ដែលបានសម្លាប់ប្រពន្ធ និងកូនបីនាក់របស់ខ្លួន មុនពេលបុរសរូបនោះសម្លាប់ខ្លួនឯង បានអះអាងថា គាត់ខ្លាចគាត់ត្រូវចាប់ខ្លួន ហើយកូនរបស់គាត់ត្រូវបានគេយកទៅឆ្ងាយ ជុំវិញបញ្ហានៃបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាអាល្លឺម៉ង់បានបង្ហាញពីហេតុផលដែលអាចកើតមាននៅពីក្រោយករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតមួយ ដែលបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។ សាកសពសមាជិកគ្រួសារចំនួន ៥នាក់ ជាមួយនឹងស្នាមរបួសដោយគ្រាប់កាំភ្លើងត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ក្នុងទីក្រុង Koenigs Wusterhausen មិនឆ្ងាយពីទីក្រុងប៊ែរឡាំង។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ឪពុកអាយុ ៤០ឆ្នាំ មើលទៅហាក់ដូចជា បានសម្លាប់ប្រពន្ធខ្លួនឯង និងកូនបីនាក់ដែលមានអាយុ ១០ឆ្នាំ , ៨ឆ្នាំ និង៤ឆ្នាំ មុនពេលដែលគាត់សម្លាប់ខ្លួនឯង។ ប៉ូលិសបានរកឃើញអាវុធមួយដើមនៅក្នុងផ្ទះ ប៉ុន្តែបច្ចុប្បន្នគេមិនទាន់ដឹងថា តើអាវុធនេះត្រូវបានគេប្រើក្នុងការសម្លាប់ ឬយ៉ាងណានោះទេ។
បើតាមសមត្ថកិច្ច បុរសខាងលើបានបន្សល់ទុកកំណត់ហេតុអត្តឃាតមួយ ដោយខ្លួនបានសារភាពថា ខ្លួនពិតជាបានធ្វើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយ ឱ្យប្រពន្ធរបស់ខ្លួនមែន។ លោកបានបន្ថែមថា ថៅកែរបស់ប្រពន្ធគាត់ បានរកឃើញថា បណ្ណនោះក្លែងក្លាយ។
តាមការចោទប្រកាន់ ប្តីប្រពន្ធមួយគូនេះ ក៏ចាប់ផ្តើមភ័យខ្លាចថា ពួកគេនឹងត្រូវចាប់ខ្លួន ហើយកូនៗរបស់ពួកគេ នឹងត្រូវយកទៅឆ្ងាយពីពួកគេ នេះបើតាមប្រធានរដ្ឋអាជ្ញាសាធារណៈ Gernot Bantleon បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់កាលពីថ្ងៃអង្គារ។ រដ្ឋអាជ្ញាមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីករណីនេះទេ៕