ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សាថ្មីស្តីពី ជម្លោះការទូតនៅចុងឆ្នាំ

បរទេស៖ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើជុំថ្មីនៃកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះមួយជុំវិញរឿងមន្ត្រីការទូតនៅស្ថានទូតខ្លួន នៅចុងឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដែលដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះ។


ស្ថានទូតសហរដ្ឋអាមេរិកនិងរុស្ស៊ី នាពេលថ្មីៗនេះ បានស្ថិតក្រោមសម្ពាធរឿងបុគ្គលិកការទូត ស្របពេលមានការបណ្ដេញមន្ត្រីការទូតរបស់គ្នាទៅវិញទៅមក និងការរឹតបន្តឹងដទៃទៀតដែលបានដាក់ ស្របពេលដែលចំណងមិត្តភាពទ្វេភាគីបានធ្លាក់ចុះដល់ចំណុចទាបបំផុត គិតចាប់តាំងពីចប់សង្គ្រាមត្រជាក់មក។


គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានកើនកម្តៅកាន់តែខ្លាំងឡើង នៅពេលមួយថ្ងៃមុនមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរជួបគ្នា ដោយទីក្រុងមូស្គូ បានធ្វើការបណ្តេញមន្ត្រីការទូតសហរដ្ឋអាមេរិក។


មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បាននិយាយថា បុគ្គលិកស្ថានទូតអាមេរិក ដែលបានធ្វើការងារនៅក្នុងទីក្រុងមូស្គូរយៈពេលជាង៣ឆ្នាំ ត្រូវបានបញ្ជាឲ្យធ្វើដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ នៅត្រឹមថ្ងៃទី៣១ ខែមករាឆ្នាំក្រោយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top