ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងបញ្ជូនវិស្វករជាង ១០០នាក់ ទៅកាន់ព្រំដែនប៉ូឡូញ ជាប់បេឡារុស

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយថា អង់គ្លេសនឹងបញ្ជូនវិស្វករយោធា ១៤០នាក់ ទៅកាន់ប្រទេសប៉ូឡូញក្នុងខែនវ ដើម្បីផ្តល់ការគាំទ្រនៅតាម ព្រំដែនប៉ូឡូញជាប់បេឡារុស នៅក្នុងដំណើរឆ្លើយតបចំពោះ អ្វីដែលខ្លួនចាត់ទុកថាជាសម្ពាធ ពីអន្តោប្រវេសន៍ខុសប្រក្រតី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ដូច្នេះថា “ការប្តេជ្ញារបស់យើង ចំពោះសន្តិសុខអឺរ៉ុប គឺមិនងាករេនោះទេ ហើយយើងនឹងតែងតែផ្តល់ ការគាំទ្រដល់សម្ពន្ធមិត្តរបស់យើង។ ការគាំទ្រមិនប្រយុទ្ធនេះ នឹងជួយដល់ការប្រឹងប្រែងរបស់ប៉ូឡូញ ក្នុងកិច្ចការពារព្រំដែន និងផ្តល់ឲ្យនូវការងារ វិស្វកម្មជំនាញសំខាន់ៗ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ការឲ្យវិស្វករទៅជួយប៉ូឡូញនេះ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅរហូតដល់ខែមេសា។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេស មានបុគ្គលិករួចស្រាប់ទៅហើយ នៅក្នុងប្រទេសប៉ូឡូញ ស្របពេលមានភាពតានតឹង នៅព្រំដែនសហភាពអឺរ៉ុប ជាប់បេឡារុស។ សហភាពអឺរ៉ុបនិយាយថា បេឡារុសបានដឹកជញ្ជូន ជនអន្តោប្រវេសន៍តាមយន្តហោះចូលមក ពីតំបន់មជ្ឈិមបូព៌ា ជំរុញពួកគេឲ្យឆ្លងព្រំដែន តែការចោទប្រកាន់ បែបនេះត្រូវបានទីក្រុង Minsk ហៅថាជារឿងមិនសមហេតុផល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top