បរទេស៖ប្រទេសចិននិងនីការ៉ាហ្គា នៅថ្ងៃសុក្រនេះ បានបង្កើតឡើងវិញនូវចំណងការទូត ក្រោយប្រទេសនេះផ្តាច់ចំណងមិត្តភាពជាមួយកោះតៃវ៉ាន់ រុញឲ្យទីក្រុងប៉េកាំងចូលក្នុងផ្នែកមួយនៃពិភពលោក ដែលគេគិតជាយូរមកហើយថា ជាទីធ្លាខាងក្រោយរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យតៃវ៉ាន់កាន់តែឯកោឡើង។
នាពេលថ្មីៗនេះ ប្រទេសចិនបានបង្កើនសម្ពាធយោធានិងនយោបាយលើកោះតៃវ៉ាន់ ឲ្យទទួលយកការអះអាងកម្មសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន បង្កឲ្យមានការខឹងសម្បារពីកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលបាននិយាយដដែលៗថា ខ្លួននឹងមិនចុះញ៉ម និងមានសិទ្ធិក្នុងការចូលរួមលើឆាកអន្តរជាតិ។
ក្រសួងការបរទេសចិន ដែលប្រកាសការសម្រេចចិត្តក្រោយជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនីការ៉ាហ្គា និងកូនរបស់លោកប្រធានាធិបតី Daniel Ortega នៅក្នុងទីក្រុងTianjin ប្រទេសចិននោះ បាននិយាយប្រាប់ថា ប្រទេសនីការ៉ាហ្គា បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Jakarta Post នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយយ៉ាងដូច្នេះថា “នេះគឺជាជម្រើសដ៏ត្រឹមត្រូវ ដែលអនុលោមទៅតាមនិន្នាការទូទៅ និងសេចក្តីប្រាថ្នាចង់បានរបស់ប្រជាជន”៕ប្រែសម្រួល៖ប៉ាង កុង