បរទេស៖ រដ្ឋាភិបាលហ្វាំឡង់ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វាំឡើង បានជ្រើសយកយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុនការពារជាតិ ខ្នាតយក្សអាមេរិក Lockheed Martin ក្នុងការយកមកប្រើ ជំនួសយន្តហោះចម្បាំង F/A-18 និងគ្រោងបញ្ជាទិញយន្តហោះចំនួន ៦៤គ្រឿង ជាមួយនឹងប្រព័ន្ធអាវុធ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បានប្រកួតប្រជែងយកកិច្ចព្រមព្រៀងនេះ ជាមួយនឹងក្រុមហ៊ុនការពារជាតិស៊ុយអែត ក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក ក្រុមហ៊ុនបារាំង Dassault និងក្រុមហ៊ុនអង់គ្លេស BAE Systems។

រដ្ឋាភិបាលរបស់ប្រទេសហ្វាំឡង់ បាននិយាយប្រាប់ថា ការបញ្ជាទិញយន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 នេះ គឺមានទំហំទឹកប្រាក់ប្រមាណ ៨,៣៧៨ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ៩,៤៤ពាន់លានដុល្លារអាមេរិក។
ចំណែករដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហ្វាំឡង់ លោក Antti Kaikkonen បាននិយាយប្រាប់សន្និសីទកាសែត មួយយ៉ាងដូច្នេះថា “នៅពេលដែលប្រៀបធៀប នូវការសម្តែងយោធា យន្តហោះចម្បាំង F-35 បានត្រូវគ្នានឹងតម្រូវការ របស់យើងយ៉ាងល្អបំផុត” ៕
ប្រែសម្រួល៖ ប៉ាង កុង
