ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយមហាអំណាច ពិភពលោក

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់មានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរបស់ខ្លួន ជាមួយនឹងមហាអំណាចពិភពលោក នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA។

កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បានបន្តឡើងវិញ នៅក្នុងថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីនៃប្រទេសអូទ្រា ហើយមន្ត្រីការទូតមកពីបារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិងចិន ធ្វើការសម្របសម្រួលរវាងភាគីទាំងពីរ ព្រោះតែទីក្រុងតេអេរ៉ង់បដិសេធ មិនពិភាក្សាគ្នាដោយផ្ទាល់ ជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Ebrahim Raisi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការពិតដែលយើងបង្ហាញអត្ថបទ នៃសំណើរបស់អ៊ីរ៉ង់ ដល់ភាគីចរចាបង្ហាញថា យើងមានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សាគ្នា ហើយប្រសិនបើភាគីដទៃ ក៏ហ្មត់ចត់ដែរនោះ ស្តីពីការដកទណ្ឌកម្ម យើងនឹងសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ល្អ។ ក្រោយមក យើងពិតជាទទួលបានកិច្ចព្រមព្រៀងដ៏ល្អ”។

គួរបញ្ជាក់ថា មន្ត្រីចរចាជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា ទីក្រុងតេអេរ៉ង់ កំពុងតែប្រកាន់ខ្ជាប់លើគោលជំហរដែលបានចេញកាលពីសប្ដាហ៍មុន ជាពេលដែលកិច្ចពិភាក្សាគ្នា បានផ្អាក។ មន្ត្រីអឺរ៉ុបនិងអាមេរិក បានចោទអ៊ីរ៉ង់ ពីបទបង្កើតការទាមទារថ្មី និងពីបទបដិសេធការសម្របសម្រួល ដែលធ្វើឡើងកាលពីដើមឆ្នាំនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top