ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយសហភាគីអឺរ៉ុប ដើម្បីពិភាក្សាគ្នា ពីបញ្ហាកិច្ចព្រមព្រៀងអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ជាមួយសមភាគី មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង រួមមានទំាងការពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសមួយរូប នៅថ្ងៃសៅរ៍។

មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Antony Blinken បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាដ៏មានអំណោយផល ជាមួយសហភាគី៣ប្រទេស មកពីអាល្លឺម៉ង់ បារាំងនិងអង់គ្លេស នៅក្នុងទីក្រុង Liverpool កាលពីថ្ងៃម្សិលមិញនេះ”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបន្តទៀតយ៉ាងដូច្នេះថា “ពួកលោកបានពិភាក្សាគ្នា អំពីកិច្ចពិភាក្សាពីកិច្ចព្រមព្រៀង JCPOA និងផ្លូវដើរទៅមុខរបស់យើង”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង JCPOA ដែលជាទូទៅគេស្គាល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់នោះ គឺជាកិច្ចព្រមព្រៀងមួយ ដែលត្រូវបានធ្វើឡើង នៅក្នុងទីក្រុងវីយែន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក គឺប្រទេសចិន បារាំង រុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top