ព័ត៌មានអន្តរជាតិ

វៀតណាម នឹងបន្ដការហោះហើរ ពាណិជ្ជកម្ម អន្ដរជាតិឡើងវិញ នៅខែក្រោយ

ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានអនុម័តការបន្តជើងហោះហើរ ពាណិជ្ជកម្ម ទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅអន្តរជាតិ ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ-១០ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោងតាមការជូនដំណឹងចុងក្រោយ របស់ការិយាល័យ រដ្ឋាភិបាលវៀតណាម គោលដៅទេសចរណ៍ ទាំងនោះរួម មាននៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ កម្ពុជា និងសហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានឲ្យដឹងនៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា វិធានការនេះ គឺដើម្បីស្តារការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ និងផ្តល់លទ្ធភាពឱ្យជនជាតិវៀតណាម នៅឯបរទេសត្រឡប់ទៅ ស្រុកកំណើតរបស់ពួកគេវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

លោក Minh បានលើកឡើងថា ខណៈដែលការបន្តជើងហោះហើរអន្តរជាតិ គឺជាការចាំបាច់ ការគ្រប់គ្រងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពក៏ត្រូវតែធានាផងដែរ ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មអាកាសចរណ៍ ធ្វើការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវផែនការដែលបានអនុម័ត និងផ្តល់អនុសាសន៍ សម្រាប់ការកែតម្រូវស្របតាមស្ថានភាពជាក់ស្តែង។

ប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួន និងបិទជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនា ឆ្នាំមុន ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយអនុញ្ញាតឱ្យចូលសម្រាប់តែអ្នកធ្វើមាតុភូមិនិវត្តន៍វៀតណាម អ្នកជំនាញបរទេស និងកម្មករជំនាញខ្ពស់ ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេ៕

ដោយ ឈូក បូរ៉ា

To Top