ព័ត៌មានអន្តរជាតិ

លោក Joe Biden បញ្ជាក់ថា អាមេរិកមិនដែលមានគម្រោង បញ្ជូនកងទ័ព ចូលប្រទេសអ៊ុយក្រែននោះទេ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនដែលមានគម្រោងបញ្ជូនទាហាន ទៅប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិក បានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថានឹងមានផលវិបាកក្នុងករណី មានការឈ្លានពានណាមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសៅរ៍ នៅពេលសួរអំពីមូលហេតុ ដែលសហរដ្ឋអាមេរិក សម្រេចចិត្តបោះបង់ចោល ផែនការបញ្ជូនកងទ័ពប្រយុទ្ធ ទៅកាន់អ៊ុយក្រែនថា «ការបញ្ជូនកងទ័ពនេះ គឺមិនដែលមាននៅលើតុនោះទេ»។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា ក្នុងករណីដែលរុស្ស៊ី សម្រេចចិត្តវាយប្រហារ អ៊ុយក្រែន អាមេរិកនឹងជំរុញវត្តមាន កងទ័ពអាមេរិក នៅក្នុងបណ្តាប្រទេសណាតូ ហើយរដ្ឋាភិបាលទីក្រុងមូស្គូនឹង “បង់ថ្លៃយ៉ាងធ្ងន់ធ្ងរ” ទាក់ទងនឹងមុខមាត់ពិភពលោក របស់ខ្លួន ក៏ដូចជាសេដ្ឋកិច្ច។

លោក Biden បាននិយាយថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ចំពោះលោកប្រធានាធិបតី Putin… ថាប្រសិនបើគាត់លុកលុយអ៊ុយក្រែន ផលវិបាកសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចរបស់គាត់នឹងមានការបំផ្លិចបំផ្លាញ” ហើយសហរដ្ឋអាមេរិកនឹងត្រូវបញ្ជូនទាហានអាមេរិក និង NATO បន្ថែមទៀតចូលទៅក្នុងផ្នែកខាងកើត “និង” ផលប៉ះពាល់នៃអ្វីៗទាំងអស់លើប្រទេសរុស្ស៊ី និងអាកប្បកិរិយារបស់រុស្ស៊ី ហើយ ទស្សនៈរបស់ពិភពលោកលើប្រទេសរុស្ស៊ី នឹងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top