ព័ត៌មានអន្តរជាតិ

អង់គ្លេស រកឃើញអ្នកឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron ៦៣៣ករណី

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ករណី Omicron ចំនួន៦៣៣ករណីផ្សេងទៀត ត្រូវបានបញ្ជាក់នៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីវីរុសកូវីដ-១៩ត្រូវបានរកឃើញក្នុងប្រទេស ដោយធ្វើឱ្យករណីសរុបដែលរកឃើញក្នុងប្រទេសកើនដល់១.៨៩៨នាក់ នេះបើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

ទិន្នន័យចុងក្រោយបំផុត បានកើតឡើង នៅគ្រាដែលអ្នកជំនាញកំពុងព្រមានថា Omicron អាចបណ្តាលឱ្យមនុស្សពី២៥.០០០នាក់ ដល់៧៥.០០០នាក់ ស្លាប់នៅក្នុងប្រទេសអង់គ្លេស នៅចុងខែមេសា ប្រសិនបើគ្មានវិធានការបន្ថែមទេនោះ ។

ទីភ្នាក់ងារសន្តិសុខ សុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានប៉ាន់ប្រមាណថា ប្រសិនបើ Omicron បន្តកើនឡើងក្នុងអត្រាបច្ចុប្បន្ន វីរុសក្លាយពូជនឹងក្លាយជាប្រភេទខ្លាំងដែលលេចធ្លោ ដែលមានចំនួនច្រើនជាង៥០ភាគរយនៃការឆ្លងមេរោគ កូវីដ-១៩ទាំងអស់នៅក្នុងប្រទេសគិតត្រឹមពាក់កណ្តាលខែធ្នូនេះ ។ វាក៏ត្រូវបានព្យាករណ៍ផងដែរថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្តមិនផ្លាស់ប្តូរ នោះចក្រភពអង់គ្លេស នឹងលើសពី១លានការឆ្លងមេរោគ Omicron នៅចុងខែនេះ ។

ចក្រភពអង់គ្លេស រាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន៥៤.០៧៣ករណីដែលនាំឱ្យចំនួនករណីឆ្លងវីរុសនេះសរុបនៅក្នុងប្រទេសដល់១០.៧៧១.៤៤៤ នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ។

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩បន្ថែមទៀតចំនួន១៣២នាក់។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន១៤៥.៣៨៧នាក់ដោយមានអ្នកជំងឺ៧.៤១៣នាក់នៃជំងឺកូវីដ-១៩ នៅតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ។

ច្រើនជាង៨៩ភាគរយនៃមនុស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅក្នុងប្រទេសអង់គ្លេស បានចាក់វ៉ាក់សាំងជាលើកដំបូងរបស់ពួកគេ ហើយជាង៨១ភាគរយបានទទួលថ្នាំទាំង២ដូស នេះបើយោងតាមតួលេខចុងក្រោយបង្អស់ ។ ច្រើនជាង៣៩ ភាគរយបានទទួលការចាក់ថ្នាំដូសជំរញ ឬការចាក់លើកទី៣ នៃវ៉ាក់សាំងការពារមេរោគ ។

ដើម្បីធ្វើឲ្យជីវិតវិលមករកភាពប្រក្រតីឡើងវិញ ប្រទេសមួយចំនួនដូចជា អង់គ្លេស ចិន អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បាននឹងកំពុងប្រជែងគ្នានឹងពេលវេលាដើម្បីដាក់ឱ្យដំណើរការវ៉ាក់សាំងការពារមេរោគឆ្លងនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top