តេអេរ៉ង់៖ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែលុបចោលទណ្ឌកម្ម ដែលខ្លួនបានដាក់លើអ៊ីរ៉ង់ ជាថ្នូរនឹងការវិលត្រឡប់របស់ខ្លួន ទៅកាន់កិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
គោលដៅសំខាន់មួយ នៃកិច្ចចរចានៅទីក្រុងវីយែនគឺ “បង្កើតលក្ខខណ្ឌ ដែលជនជាតិអាមេរិកត្រូវតែជួប” លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA នៅរដ្ឋធានីប្រទេសអូទ្រីស។
លោកបានបន្ថែមថា នៅពេលដែលលក្ខខណ្ឌទាំងនោះ ត្រូវបានព្រមព្រៀងគ្នា ជនជាតិអាមេរិកនឹងមាន កាតព្វកិច្ចអនុវត្តវា ហើយតម្រូវការស្នូល គឺការដក “ទណ្ឌកម្មទុច្ចរិត និងខុសច្បាប់” ។
លោក Bagheri Kani បានកត់សម្គាល់ថា មុខតំណែងរបស់ភាគីនៅក្នុងកិច្ចពិភាក្សា គឺមានភាពខុសប្លែកគ្នាលើបញ្ហាផ្សេងៗគ្នា ប៉ុន្តែក្នុងអំឡុងពេលចុងក្រោយនេះ ការពង្រីកប្រធានបទដែលបើកចំហ សម្រាប់ការពិភាក្សាត្រូវបានកាត់បន្ថយ។
និយាយអំពី “ការអត្ថាធិប្បាយមិនស្ថាបនា” ពីភាគីអឺរ៉ុបចំនួន៣ ចំពោះកិច្ចចរចានុយក្លេអ៊ែរ ប្រធានអ្នកចរចាអ៊ីរ៉ង់រូបនេះ បានលើកឡើងថា លោកមានសុទិដ្ឋិនិយម ចំពោះអនាគតនៃការចរចា។
លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ “អំពើអរិភាព ខុសច្បាប់ ការបំផ្លិចបំផ្លាញ និងសូម្បីតែអំពើអមនុស្សធម៌ ដោយភាគីមួយចំនួន” ក៏ដូចជាការមិនទុកចិត្ត ដែលមានស្រាប់ មិនអនុញ្ញាតឱ្យមានភាពឆោត ល្ងង់ណាមួយទាក់ទងនឹង ដំណើរការខាងមុខនោះទេ ៕
ដោយ ឈូក បូរ៉ា