ព័ត៌មានអន្តរជាតិ

G-7 ព្រួយបារម្ភអំពី គោលនយោបាយសេដ្ឋកិច្ច បង្ខិតបង្ខំរបស់ចិន

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានសម្តែងការព្រួយបារម្ភ អំពីគោលនយោបាយសេដ្ឋកិច្ច “បង្ខិតបង្ខំ” របស់ប្រទេសចិន នៅក្នុងអ្វីដែលអ្នករិះគន់ហៅថា “អន្ទាក់បំណុល” ការទូតចំពោះប្រទេសកំពុងអភិវឌ្ឍន៍។

រដ្ឋមន្ត្រីក៏បានពិភាក្សាអំពី “ស្ថានភាពនៅហុងកុង និងស៊ីនជាំង” ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពី ការរំលោភសិទ្ធិមនុស្ស និង “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយចក្រភពអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ រដ្ឋមន្ត្រី G-7 និងសមភាគីរបស់ពួកគេមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលបានចូលរួមក្នុងផ្នែកមួយ នៃកិច្ចប្រជុំនោះ បានបញ្ជាក់សារជាថ្មីនូវ “ចំណាប់អារម្មណ៍ចែករំលែក របស់ពួកគេក្នុងការរក្សា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ “ចំពោះការប៉ុនប៉ងរបស់ចិន ក្នុងការកែប្រែស្ថានភាព ក្នុងតំបន់ជាមួយនឹង ឥទ្ធិពលយោធា និងសេដ្ឋកិច្ចដែលកំពុងកើនឡើង។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានសង្កត់ធ្ងន់ថា អាស៊ាន គឺជាគន្លឹះក្នុងការសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការបរទេស G-7 បានជួបពិភាក្សាជាមួយសមភាគី របស់ពួកគេពីបណ្តាប្រទេសអាស៊ាន ជាលើកដំបូង ក៏ដូចជាពីប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌា នៅថ្ងៃទីពីរនៃកិច្ចប្រជុំ G-7 ជាក់ស្តែង ដើម្បីសម្របសម្រួលជាមួយសមាជិកទាំង១០។ អាស៊ាន និងមហាអំណាច ក្នុងតំបន់ ៣ទៀត លើគោលនយោបាយចិន។

ក្នុងចំណោមប្រទេស សមាជិកអាស៊ាន មីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ត្រូវបានគេដកចេញពី ការជួបជុំនេះ ខណៈប្រទេសនេះ ធ្លាក់ចូលក្នុងភាពចលាចលនយោបាយ បន្ទាប់ពីរដ្ឋប្រហារកាលពីក្នុងខែកុម្ភៈ។

នៅក្នុងនោះដែរខាងភាគីអាស៊ាន ប្រ៊ុយណេ និងហ្វីលីពីន បានចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ ចំណែក ៧ នាក់ផ្សេងទៀតបានចូលរួម តាមតំណភ្ជាប់ដោយសារតែ ការរីករាលដាលនៃ មេរោគប្រភេទថ្មីអូមីក្រុង Omicron ៕

ដោយ ឈូក បូរ៉ា

To Top