ព័ត៌មានអន្តរជាតិ

រថយន្តដឹកកុងតឺន័រ ចំនួន ៤ ០០០គ្រឿង ជាប់គាំងនៅព្រំដែន ជាមួយចិន ដោយសារតែរឹតបន្តឹង ការត្រួតពិនិត្យរបស់គយ

បរទេស ៖ ការនាំ ចេញកសិផល របស់វៀតណាម កំពុងទទួលរងផលប៉ះពាល់ ខណៈដែលប្រទេសចិន រក្សារបបអធិការ កិច្ចដ៏តឹងរ៉ឹងបំផុត នៅច្រកព្រំដែន ភាគខាងជើង ជាវិធានការបង្ការវីរុសកូវីដ-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃ និងពាណិជ្ជកម្មផលិតផល កសិ-រុក្ខាប្រមាញ់-នេសាទ នៃក្រសួងកសិកម្មបាននិយាយថា គិតត្រឹមថ្ងៃសុក្រ រថយន្តដឹកកុងតឺន័រចំនួន ៤ ០០០គ្រឿង ត្រូវបានជាប់គាំងនៅច្រកព្រំដែន ក្នុងខេត្ត Lang Son ។

លោក Hoa បាននិយាយនៅក្នុងសន្និសីទ ស្តីពីពាណិជ្ជកម្មកសិកម្ម ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍នៅទីក្រុងហាណូយថា នៅឯច្រកព្រំដែនទាំងបី នៃច្រក Huu Nghi, Tan Thanh និង Chi Ma ល្បឿននៃការត្រួតពិនិត្យ របស់គយបច្ចុប្បន្នបានធ្លាក់ចុះជាង ពាក់កណ្តាលមកនៅ ត្រឹមប្រហែល ២២០ កុងតឺន័រក្នុងមួយថ្ងៃ ។

សម្រាប់រថយន្តនីមួយៗ ដែលដឹកផ្លែស្រកានាគ ខ្នុរ និងផ្លែឈើផ្សេងទៀត ជាប់គាំងនៅច្រកទ្វារ តាន់ថាញ់ ត្រូវចំណាយពេលជាមធ្យមពី ១០ ទៅ ១៤ ថ្ងៃ ទើបទទួលបានការត្រួត ពិនិត្យពីគយ។

លោក Hoa បាននិយាយថា នៅច្រកទ្វារ ព្រំដែន Mong Cai ក្នុងខេត្ត Quang Ninh មានតែរថយន្តដឹកទំនិញមួយគ្រឿង ប៉ុណ្ណោះ ដែលត្រូវបានត្រួតពិនិត្យរៀងរាល់សប្តាហ៍ ។

គណៈគ្រប់គ្រងច្រកទ្វារ Mong Cai បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា រថយន្តដឹកទំនិញគ្រឿង សមុទ្រកកចំនួន ៨០០ គ្រឿង និងរថយន្តដឹកផ្លែឈើ ៣០០ គ្រឿងត្រូវបានជាប់គាំងនៅទីនោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top