ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញមុខគាំទ្រ កំណែដើម នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានសន្ទនា តាមទូរស័ព្ទ ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកការទូតកំពូល បានអះអាងជាថ្មី នូវជំហររួម របស់ពួកគេក្នុង ការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ នៅក្នុងអត្ថបទ ដែលមានតុល្យភាពដើម ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

អ្នកទាំងពីរបានសង្កត់ធ្ងន់ថា នេះគឺជាមធ្យោបាយ ត្រឹមត្រូវតែមួយគត់ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ របស់អ្នកចូលរួមទាំងអស់ នៅក្នុងកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម ។

គួរបញ្ជាក់ថា ការចរចាពហុភាគី ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានចាប់ផ្ដើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកានៅទីក្រុងវីយែន នៃប្រទេសអូទ្រីស ៕
ដោយ ឈូក បូរ៉ា

To Top