ព័ត៌មានអន្តរជាតិ

បារាំង នៅតែរក្សាជំហរដាក់ចេញ វ៉ាកសាំងកាតព្វកិច្ច

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក Macron បានឆ្លើយតបថា “ការប៉ាន់ស្មាននេះមាន” មុនពេលកត់សម្គាល់ថា ប្រទេសបារាំង នៅមិនឆ្ងាយពីការចាក់វ៉ាក់សាំងពេញលេញនោះទេ។

លោកប្រធានាធិបតីបានលើកទឹកចិត្ត “បងប្អូនប្រជាពលរដ្ឋតិចជាង 5 លាននាក់ដែលមិនបានចាក់វ៉ាក់សាំង” ឱ្យ “ទទួលខុសត្រូវ” និងទទួលការចាក់វ៉ាក់សាំង។ លោក Macron ថា អ្នកដែលមិនបានវ៉ាក់សាំង គឺ”មិនត្រូវបានការពារ” ពីវីរុស ដោយកត់សម្គាល់ថា អ្នកដែលមិនបានចាក់វ៉ាក់សាំងទាំងនោះ គឺនៅពីក្រោយការកើនឡើងនៃការឆ្លងវីរុស នាពេលថ្មីៗនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top