បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។
ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។
លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី នឹងនិយាយជាមួយបណ្ដា មេដឹកនាំសហភាពអឺរ៉ុប ស្តីពីសម្ពាធដែលយើងប្រឈមមុខ យើងគិតថា នេះនឹងនាំទៅរកកិច្ចពិភាក្សាគ្នាមួយ ពីវិធីដែលសហភាពអឺរ៉ុបនិងគណៈកម្មការអឺរ៉ុប អាចជួយដល់ប្រទេសលីទុយអានី នៅក្នុងបញ្ហានេះ”។
តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបានមាន ប្រសាសន៍បន្ថែមទៀតថា “យើងចង់បានថា ជម្លោះនេះនឹងជាក់ច្បាស់ ដល់ដៃគូអឺរ៉ុបរបស់យើង និងថា ចំណាត់ការសេដ្ឋកិច្ច នឹងមានភាពទូលំទូលាយ តាមដែលអាចទៅរួច”។
គួរបញ្ជាក់ថា ប្រទេសចិនបានកាត់បន្ថយ ចំណងមិត្តភាពការទូតរបស់ខ្លួន ជាមួយនឹងប្រទេសលីទុយអានី កាលពីខែមុន ក្រោយបើកដំណើរការការិយាល័យ តំណាងមួយដោយតៃវ៉ាន់ នៅក្នុងទីក្រុង Vilnius ក្រោមឈ្មោះរបស់ខ្លួនឯងផ្ទាល់ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
