ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរឥណ្ឌូណេស៊ី បានដាក់កម្រិតប្រកាសអាសន្ន ភ្នំភ្លើង Semeru កម្រិតទី៣ ដែលជាកម្រិតខ្ពស់បំផុតទី២ ខណៈដែលវាបានបង្ហាញពី សកម្មភាពភ្នំភ្លើងកើនឡើង និងបានបញ្ចេញចំហាយក្តៅ និងកម្អែភ្នំភ្លើង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
លោក Eko Budi Lelono ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រ ក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ភ្នំភ្លើង Semeru បានបញ្ចេញចំហាយក្តៅយ៉ាងសកម្ម ហើយលំហូរកម្អែរបស់វានៅតែមិនឋិតថេរ ។ ភ្នំភ្លើងនេះអាចវាយប្រហារ យ៉ាងហោចណាស់រហូតដល់ ២គីឡូម៉ែត្រ ពីមាត់រណ្ដៅរបស់វា ។
លោក Lelono បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយថា ការផ្ទុះមួយទៀតគឺអាចធ្វើទៅបាន ដោយសារតែកម្រិតទឹកភ្លៀងខ្ពស់ នៅជុំវិញភ្នំភ្លើង ដែលអាចបណ្តាលឱ្យមានការ កើនឡើងនៃលំហូរកម្អែភ្នំភ្លើង។
ស្ថានភាពប្រកាសអាសន្នខ្ពស់នៃភ្នំភ្លើង Semeru បានចាប់ផ្តើមនៅល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីភ្នំភ្លើង បានផ្ទុះម្តងទៀតបន្ទាប់ពីថ្ងៃទី៤ ខែធ្នូ ហើយបានបក់បោក ពពកក្តៅជាច្រើនដង ។
ស្ថិតនៅក្នុងស្រុក Lumajang ខេត្ត East Java ភ្នំភ្លើង Semeru បានផ្ទុះយ៉ាងខ្លាំងកាលពីថ្ងៃទី៤ ខែធ្នូ ។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៨ នាក់ នេះបើយោងតាមទិន្នន័យ ពីទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយជាតិ (BNPB) ។
គ្រោះមហន្តរាយ BNPB បានបញ្ជាក់ថា សកម្មភាពស្វែងរក និងជួយសង្គ្រោះជនរងគ្រោះកំពុងត្រូវបានផ្អាក ជុំវិញសុវត្ថិភាពរបស់អ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា