បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។
ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ ដែលខ្លួនចង់បាន សម្រាប់ធ្វើការចរចាគ្នាជាមួយ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់អាមេរិក នៅក្នុងអង្គការសម្ពន្ធមិត្តយោធាណាតូ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការណាតូ កំពុងតែលើកឡើងថា ខ្លួនអាចនឹងមានបំណង ចង់ធ្វើការពិភាក្សាគ្នា។ មន្ត្រីចារកម្មអាមេរិកនិយាយថា រុស្ស៊ីបានចល័តកងទ័ពចំនួន ៧០.០០០នាក់ និងកំពុងតែត្រៀមធ្វើការ ឈ្លានពានអាចទៅរួចមួយ នៅដើមឆ្នាំក្រោយ។
ប៉ុន្តែទីក្រុងមូស្គូបានធ្វើការបដិសេធថា ខ្លួនគ្មានគម្រោងធ្វើការវាយប្រហារ ដូចដែលខ្លួនធ្លាប់បានធ្វើ នៅក្នុងឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីយកឧបទ្វីបគ្រីមា ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែនិយាយថា ខ្លួនចង់ឲ្យមានការធានាថា ប្រទេសអ៊ុយក្រែននឹងមិនបាន ចូលរួមជាមួយអង្គការណាតូ ៕
ប្រែសម្រួល៖ ប៉ាង កុង