ព័ត៌មានអន្តរជាតិ

News Update៖ ព្យុះទីហ្វុង Rai សម្លាប់ពលរដ្ឋនៅហ្វីលីពីន កើនដល់៣១នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា “ខ្ញុំអាចលឺខ្យល់បក់បោកយ៉ាងខ្លាំង ខណៈវារបូតចេញពីសន្លឹកដែក នៃផ្ទះរបស់យើង” ពលរដ្ឋឈ្មោះ Acerns Velasco រស់នៅក្នុងក្រុង Lapu-Lapu ភាគកណ្តាលប្រទេសហ្វីលីពីន បាននិយាយនៅក្នុងហ្វេសប៊ុក កាលពី៧ម៉ោង បន្ទាប់ពី ព្យុះទីហ្វុង Rai បានបោកបក់ចូលប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។

ព្យុះទីហ្វុងដ៏ខ្លាំងបំផុត បានវាយលុកប្រទេសហ្វីលីពីន នៅក្នុងឆ្នាំនេះ បានខ្យល់បានបោកបក់នៅទន្លេ និងជន់លិចតំបន់ទំនាប ខណៈកំពុងកាត់តាមទីប្រជុំជន និងភូមិនានានៅភាគកណ្តាលហ្វីលីពីន និងភាគខាងជើងក្រុង Mindanao នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ព្យុះទីហ្វុងបានសម្លាប់ មនុស្សដល់ទៅ ៣១នាក់ហើយ ។

ក្នុងចំណោមអ្នកស្លាប់ចំនួន ៣១នាក់ ដែលត្រូវបានរាយការណ៍មក ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ ដែលបានលើកឡើងថា មានតែ៤នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ ។ ប៉ូលិសជាតិបានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ១៩នាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតនោះទេ ។

ខ្យល់បក់បោកខ្លាំងពីព្យុះទីហ្វុង ដ៏មានឥទ្ធិពលបាន បំផ្លិចបំផ្លាញដើមឈើ និងខ្សែបណ្តាញអគ្គិសនី នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលវាបានបក់ចេញ ពីប្រជុំកោះកាលពីថ្ងៃសៅរ៍ ។

ទឹកឡើងខ្ពស់លិចទ្រូងនៅកន្លែងខ្លះ និងលើក្បាលជង្គង់ និងខ្លះខ្ពស់ជាងនេះ ។ មានតែដំបូលនៅតំបន់លិចទឹក មួយចំនួនប៉ុណ្ណោះដែល អាចមើលឃើញ ដោយបង្ខំឱ្យអ្នកជួយ សង្គ្រោះប្រើទូកកៅស៊ូ និងខ្សែពួរ ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ។

នៅទីក្រុង Bohol ដែលជាខេត្តមួយក្នុងចំនោមខេត្ត ដែលរងគ្រោះខ្លាំងជាងគេ អ្នកស្រុកខ្លះអង្គុយលើ ដំបូលផ្ទះដែលលិចទឹក ខណៈដែលពួកគេរង់ចាំ អ្នកជួយសង្គ្រោះ។ ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ មានការលំបាកក្នុងការទាក់ទង សាច់ញាតិដោយសារតែការកាត់ផ្តាច់ បណ្តាញទូរគមនាគមន៍ និងអគ្គិសនី ។

លោក Arthur Yap អភិបាលក្រុង Bohol សោកស្ដាយថា ការដាច់ទំនាក់ទំនង ធ្វើឱ្យមានការលំបាកក្នុងការ វាយតម្លៃយ៉ាងរហ័សនៃព្យុះទីហ្វុងនេះ ។

លោក Yap បានថ្លែងថា រដ្ឋាភិបាលក្នុងតំបន់បាន ជម្លៀសគ្រួសារជាង ១៣.០០០ ទៅកាន់មជ្ឈមណ្ឌលជម្លៀស ចេញពីតំបន់សំខាន់ៗ។

លោកបានឲ្យដឹងទៀតថា “ប៉ុន្តែពេញមួយយប់ និងដល់ព្រឹកម្សិលមិញ ចំនួននេះបានកើនទ្បើង ដោយសារការបំផ្លិចបំផ្លាញដ៏ធំ និងទូលំទូលាយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top