ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីព្យុះភ្លៀង បង្កឲ្យមានគ្រោះទឹកជំនន់ឡើង នៅម៉ាឡេស៊ី

កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានថ្លែងឲ្យដឹង កាលពីយប់ថ្ងៃសៅរ៍ថា មនុស្សរាប់ពាន់ នាក់ ត្រូវបានជម្លៀសចេញ ខណៈដែលភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់បានបណ្តាល ឱ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់មួយចំនួន នៃប្រទេសម៉ាឡេស៊ី ។

លោកបានថ្លែង នៅក្នុងសន្និសីទ សារព័ត៌មានមួយថា មនុស្សប្រហែល១១.៣៨៤នាក់ មកពីរដ្ឋចំនួន៦ ត្រូវបានជម្លៀសទៅកាន់ទីជម្រក ដោយលោកបានបន្ថែមថា មជ្ឈមណ្ឌលជម្លៀស កំពុងត្រូវបានរៀបចំ ដើម្បីផ្ទុកមនុស្ស សរុបចំនួន១,៦លាននាក់ ជាការប្រុងប្រយ័ត្នជាមុន ។

លោកនាយករដ្ឋមន្ត្រី ក៏បានមានថ្លែងថា រដ្ឋាភិបាលកំពុងចាត់វិធានការចាំបាច់ ដើម្បីកៀរគរ បុគ្គលិកជួយសង្គ្រោះ សមាជិក នៃកងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ ដើម្បីជួយជម្លៀស និងរក្សាសណ្តាប់ធ្នាប់ ។

គាត់បានថ្លែងថា “ខ្ញុំកំពុងតាមដានស្ថានការណ៍ជាបន្តបន្ទាប់ ហើយនឹងធ្វើបច្ចុប្បន្នភាព ជាសាធារណៈអំពីជំហាន និងសកម្មភាពដែលបានធ្វើឡើង។ ព័ត៌មានកំពុងត្រូវបានប្រមូលផ្តុំ ដើម្បីធានាថាការជម្លៀស និងជំនួយត្រូវបានរៀបចំយ៉ាងឆាប់រហ័ស” ។

ប្រទេសម៉ាឡេស៊ី បានជួបភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយនាយកដ្ឋានឧតុនិយម បានព្រមានអំពីកម្រិតទឹក ដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋ Pahang និង Selangor ក៏ដូចជាទីក្រុងកូឡាឡាំពួរផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top