ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជាង១០នាក់ ក្នុងហេតុការណ៍រថភ្លើង បុកគ្នាពេញទំហឹងនៅ ហ្គាណា

អាក់ក្រា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មនុស្ស៤នាក់បានស្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថភ្លើង២ បានបុកគ្នាពេញទំហឹងនៅក្នុង តំបន់ភាគខាងលិច នៃប្រទេសហ្គាណា ។ ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

លោក Sebastian Folivie មន្ត្រីនៃបញ្ជាការតំបន់ភាគខាងលិច នៃសេវាកម្មប៉ូលិសហ្គាណា បានប្រាប់ដល់ស៊ិនហួថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹង រថភ្លើងដឹកទំនិញម៉ង់ហ្គាណែស ចំនួន២ ដែលធ្វើដំណើរក្នុងទិស ដៅផ្ទុយគ្នានៅលើផ្លូវ Tarkwa-Kojokrom ជិតពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ។

លោកបាននិយាយថា រថភ្លើង១ខ្សែបានដាច់ហ្វ្រាំង ហើយរត់ចូលទៅបុក នឹងរថភ្លើងមួយទៀត នៅបរិវេណសហគមន៍ Wassa Manso ។

មន្ត្រីប៉ូលិសបានលើកឡើងថា ក្រុមជួយសង្គ្រោះមកពីសេវាពន្លត់អគ្គីភ័យជាតិហ្គាណា ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់កន្លែងកើតហេតុ ហើយក្រុមការងារ បានបន្ថយល្បឿន នៃការបើកបរ ដែលជាប់គាំងដើម្បីជួយសង្គ្រោះអ្នក ដែលជាប់នៅក្នុងបំណែក ថរភ្លើងនោះ ៕

លោកបានបន្តថា អ្នករបួស៣នាក់ត្រូវបានព្យាបាល និង បានចេញពីមន្ទីរពេទ្យ ហើយសាកសពទាំង៤នាក់ ត្រូវបានតម្កល់ទុកនៅកន្លែង បញ្ចុះសពក្នុងមន្ទីរពេទ្យ រង់ចាំការកំណត់អត្តសញ្ញាណ និង ប្រមូលព័ត៌មានច្បាស់លាស់ ។

លោកបានឲ្យដឹងទៀតថា “ការស៊ើបអង្កេតរបស់ប៉ូលិស កំពុងដំណើរការ ដើម្បីរកមូលហេតុពិត នៃគ្រោះថ្នាក់នេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top