ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងដាក់ឲ្យអ្នកដំណើរ មកពីអង់គ្លេស ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ

បរទេស ៖ វិទ្យាស្ថានជម្ងឺឆ្លង Robert Koch បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់ នឹងដាក់ឲ្យអ្នកដំណើរមកពីប្រទេសអង់គ្លេសធ្វើចត្តាឡីស័ក ចាប់ពីពាក់កណ្ដាល យប់ថ្ងៃចន្ទ និងត្រូវឲ្យតេស្តអវិជ្ជមានកូវីដ១៩ សម្រាប់ការធ្វើដំណើរ ចូលទៅក្នុងប្រទេសអាល្លឺម៉ង់ ។

បណ្ដារដ្ឋមន្ត្រីសុខាភិបាលក្នុងតំបន់ របស់ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានជំរុញរដ្ឋាភិបាលជាតិ ចេញច្បាប់កាន់តែតឹងរឹងឡើង លើមនុស្ស ដែលធ្វើដំណើរមក ពីប្រទេសអង់គ្លេស ជាទីដែលជម្ងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង បានមានសន្ទុះរាតត្បាត ឆ្លងកើនឡើង ។

នៅក្នុងកិច្ចប្រជុំមួយ ក្រុមរដ្ឋមន្ត្រីសុខាភិបាលទាំងនោះ បានអំពាវនាវឲ្យទីក្រុងប៊ែកឡាំង ចាត់ថ្នាក់ប្រទេសអង់គ្លេស ជាតំបន់ឆ្លងមេរោគ ដោយឲ្យពង្រឹង អនុវត្តការធ្វើចត្តាឡីស័ក រយៈពេល២សប្ដាហ៍ លើអ្នកដំណើរទាំងអស់ រួមទាំងអ្នកដំណើរ ដែលបានចាក់ថ្នាំវ៉ាក់សំាង រួចហើយផង ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមរដ្ឋមន្ត្រីទាំងនោះ បានមានប្រសាសន៍ថា “ការរីករាលដាលឆ្លងនៃប្រភេទ អូមីក្រុង នៅក្នុងចក្រភពអង់គ្លេស ជាភស្តុតាងដ៏ច្បាស់ថា យើងចាំបាច់ត្រូវតែ ធ្វើការ ទប់ស្កាត់មិនឲ្យឆ្លងរីករាលដាល តាមដែលអាចទៅរួច និងធ្វើឲ្យវាថយចុះឲ្យ បានច្រើនបំផុតតាម ដែលអាចធ្វើបាន” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top