សេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣១៨ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ បើធៀបនឹង ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៥៧០,៤១៧ករណី ។
ករណីឆ្លងជំងឺប្រចាំថ្ងៃបានធ្លាក់ចុះពី ៦៣១៣ករណី កាលពីថ្ងៃមុន ដោយសារការធ្វើតេស្តមេរោគតិចជាងកាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងចង្កោមតូចៗ នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល។ ក្នុងចំណោមករណីថ្មី ១៨៩៥ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon គឺ ១៤៧៥ករណី និង ៣៧១ករណីរៀងគ្នា។
មេរោគនេះក៏បានរីករាលដាលនៅក្នុងតំបន់មិនមែនទីប្រជុំជន។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់មិនមែនរាជធានីគឺ ១៥១៧ករណី ឬ ២៨,៩ ភាគរយនៃការឆ្លងក្នុងស្រុកសរុប។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង មានចំនួននៃការឆ្លងមេរោគអូមីក្រុង គឺ ១៧៨ករណី រួមទាំងករណីនាំចូល ៥៤ករណី និងការឆ្លងក្នុងស្រុក ១២៤ករណី មិនមានការផ្លាស់ប្តូរនោះទេបើធៀបកាលពីថ្ងៃមុន៕ដោយ ឈូក បូរ៉ា