ព័ត៌មានអន្តរជាតិ

ប្រទេសជាសមាជិកអឺរ៉ុប នឹងទទួលបានវ៉ាក់សាំង ២០លានដូស ទៀត ដើម្បីប្រយុទ្ធនឹង ទម្រង់ឆ្លងថ្មីអូមីក្រុង

ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) នឹងទទួលបានវ៉ាក់សាំង Pfizer-BioNTech បន្ថែមចំនួន ២០លានដូសបន្ថែមទៀតក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំក្រោយ ដើម្បីពន្លឿនល្បឿនប្រឆាំងនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស។

ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “គណៈកម្មាការថ្ងៃនេះបានយល់ព្រមជាមួយក្រុមហ៊ុន BioNTech-Pfizer ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំង mRNA របស់ខ្លួនទៅកាន់រដ្ឋសមាជិក ដោយចាប់ផ្តើមក្នុងរយៈពេលពីរបីសប្តាហ៍” ។ ៥លានដូសនឹងត្រូវចែកចាយនៅខែមករា ៥លានទៀតក្នុងខែកុម្ភៈ និង ១០លានដូសបន្ថែមក្នុងខែមីនា។

ដូសទាំងនេះស្ថិតនៅលើកំពូលនៃ ១៩៥លានដូស ដែលបានគ្រោងទុករួចហើយពីក្រុមហ៊ុន BioNTech-Pfizer ដែលនាំឱ្យចំនួនសរុបនៃការចែកចាយនៅក្នុងឆមាសទី១ ដល់ ២១៤លានដូស។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Moderna បានយល់ព្រមពន្លឿនការផ្តល់វ៉ាក់សាំង mRNA របស់ខ្លួនទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។

នាយកប្រតិបត្តិនៃសហភាពអឺរ៉ុបបានឲ្យដឹងថា “ដោយមើលឃើញពីស្ថានភាពជំងឺរាតត្បាតកាន់តែយ៉ាប់យ៉ឺននៅក្នុងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការចាក់វ៉ាក់សាំងពេញលេញ និងការចេញផ្សាយដូសជំរុញនៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពសុខភាពរបស់សហភាពអឺរ៉ុប”៕ដោយ ឈូក បូរ៉ា

To Top