ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ បានកើនឡើងដល់៣៤,៧៤៦,៨៣៨នាក់ ខណៈករណីថ្មីមានចំនួន ៦.៥៦៣នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅទូទាំងប្រទេស ។
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងបានឲ្យដឹងថា ការស្លាប់ដែលពាក់ព័ន្ធចំនួន១៣២នាក់ដោយសារជំងឺរាតត្បាតត្រូវបានរាយការណ៍ក្នុងអំឡុងពេលនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៤៧៧.៥៥៤នាក់រហូតមកដល់ពេលនេះ ។
បច្ចុប្បន្ននេះមានករណីសកម្មចំនួន៨២.២៦៧នាក់នៅក្នុងប្រទេស ដែលនេះបើយោងតាមក្រសួង គឺទាបបំផុតក្នុងរយៈពេល ៥៧២ថ្ងៃ ។
រហូតមកដល់ពេលនេះមនុស្ស៣៤.១៨៧.០១៧នាក់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ដោយមានអ្នកជាសះស្បើយថ្មីចំនួន៨.០៧៧នាក់ ។
ក្រសួងបានឲ្យដឹងថា អត្រានៃអ្នកជាសះស្បើយបច្ចុប្បន្នមាន៩៨,៣៩ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា